រដ្ឋលេខាក្រសួងអភិវឌ្ឍន៍ជនបទចុះពិនិត្យស្ថានភាពផ្លូវដែលរងការខូចខាតដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ : នៅថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២០ លោក អ៉ិន ចន្ថា រដ្ឋលេខាធិការនិងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៃក្រសួងអភិវឌ្ឍន៍ជនបទអមដំណើរដោយលោក ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការនិងជាអនុប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញដឹកនាំក្រុមកាងារបច្ចេកទេសចុះពិនិត្យស្ថានភាពផ្លូវចំនួន៥ខ្សែនៅស្រុកព្រះនេត្រព្រះ ស្រុកមង្គលបូរី ស្រុក អូរជ្រៅ ក្រុងសិរីសោភ័ណក្នុងចំណោមផ្លូវដែលបាននិងកំពុងរងផលប៉ះពាល់ដោយទឹកជំនន់នៅក្នុងខេត្តបន្ទាយមានជ័យ។

លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យបានអោយដឹងថាផ្លូវជនបទនៅទូទាំងខេត្តមានចំនួន២០៦៧ខ្សែ មានប្រវែងសរុប២៩២៥គីឡូម៉ែត្រ។ក្នុងចំនួនផ្លូវទាំងនេះទឹកជំនន់បានគ្រប់គ្រងនិងវាយប្រហារផ្លូវចំនួន៩១៨កន្លែងស្មើនឹងប្រវែងប្រមាណ៦៤៨គីឡូម៉ែត្រ។

ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តលោក ជា យុទ្ធារុណ បានបញ្ជាក់អោយដឹងផងដែរថាក្រសួងបានដាក់ផែនការយុទ្ធសាស្ត្រដល់មន្ទីររាជធានី-ខេត្តត្រូវតែពិនិត្យជួសជុលឡើងវិញក្រោយទឹកសម្រក។ជាមួយនោះចំពោះផ្លូវដែលរងគ្រោះខ្លាំងមន្ទីរក៏ត្រូវធ្វើការតភ្ជាប់បន្ទាន់ឡើងវិញផងដែរដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ជាក់ស្តែងក្រុមការងារមន្ទីរជំនាញក៏បានតភ្ជាប់ជូនពលរដ្ឋបានមួយចំនួនហើយដែរ។

លោក ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការអនុប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៃក្រសួងអភិវឌ្ឍន៍ជនបទបានថ្លែងចូលរួមការសោកស្តាយនិងរំលែកនូវទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសពិសេសបងប្អូននៅខេត្តបន្ទាយមានជ័យដែលបានរងគ្រោះទឹកជំនន់ធ្ងន់ធ្ងរជាងគេ។ក្នុងនោះបងប្អូនរាប់ម៉ឺនគ្រួសារត្រូវបង្ខំចិត្តមករស់នៅលើទីទួលសុវត្ថិភាពចោលផ្ទះសម្បែង។លោកក៏បានបន្តថាថ្វីត្បិតបងប្អូនរងគ្រោះដោយទឹកជំនន់ តែបងប្អូនទទួលបានការយកចិត្តទុកដាក់ និងភាពកក់ក្តៅពីសំណាក់ទឹកចិត្តរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លោក ជ្រុន ថេរ៉ាវ៉ាត បានបញ្ជាក់ផងដែរថាទឹកជំនន់បានធ្វើអោយពលរដ្ឋយើងរងគ្រោះ ទឹកជំនន់ក៏បានបំផ្លាញហេដ្ឋារចនាសម្ពន័ជាច្រើនផងដែរពិសេសបំផ្លាញនិងកាត់ផ្តាច់ផ្លូវថ្នល់ ផ្លូវលំចាក់កៅស៊ូ ផ្លូវលំចាក់បេតុង និងផ្លូវលំក្រាលគ្រួសក្រហម អស់ជាច្រើនខ្សែ ។ការកាត់ផ្តាច់នេះបានធ្វើអោយការចរាចរណ៍ទៅមកមានការលំបាក ហើយផ្លូវកន្លែងខ្លះត្រូវបង្ខំចិត្តបោះបង់មិនបន្តធ្វើចរាចរណ៍ព្រោះតែទឹកច្រោះនិងកាត់ផ្តាច់ទាំងស្រុង។ដោយសារតែកត្តានេះហើយទើបប្រមុខរាជរដ្ឋាភិបាលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានជំរុញអោយ ឯកឧត្តមសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទត្រូវតែស្តារឡើងវិញនូវផ្លូវដែលរងការខូចខាតទាំងនោះដើម្បីតភ្ជាប់ការចរាចរណ៍ ដឹកទំនិញនិងកសិផលដែលបងប្អូនធ្វើបានមកកាន់ទីផ្សារឬអាជីវករអាចចុះទិញដល់មូលដ្ឋាន បើផ្លូវមិនអាចចរាចរបាននោះកសិផលនឹងមានតម្លៃថោកឬក៏គ្មានអ្នកទិញ។ដើម្បីស្តារឡើងវិញនូវខ្លឹមសារ” មានផ្លូវ មានសង្ឃឹម “ក្រសួងអភិវឌ្ឍន៍ជនបទបានអនុវត្តយុទ្ធសាស្រ្ដ ពីរសំខាន់ៗ គឺ ៖
ទី១-ចំពោះផ្លូវ ស្ពាន ដែលខូចធ្ងន់ធ្ងរ ឬដាច់ពុំអាចចរាចតណ៍បាន ត្រូវធ្វើការកែសម្រួលបន្ទាន់ដើម្បីភ្ជាប់ចរាចរណ៍ឡើងវិញ ។
ទី២-ត្រូវធ្វើការសិក្សាលម្អិតដើម្បីធ្វើការជួសជុលឲ្យមានលក្ខណៈរឹងមាំប្រកបដោយគុណភាព៕