រាជរដ្ឋាភិបាលប្រទេសថៃ បានក្រាសបន្តដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេល ១ខែបន្ថែមទៀត គឺចាប់ពីអនុវត្តពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងប្រទេស។ នេះបើយោងតាមការជូនដំណឹងរបស់ ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ ដល់ពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅ សិក្សា និងធ្វើការនៅក្នុងប្រទេសថៃ កាលពីថ្ងៃទ៣១ ខែតុលា ឆ្នាំ២០២០។
តាមរយៈសេចក្ដីជូនដំណឹងនេះ ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ បានស្នើដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេសថៃទាំងអស់ បន្តចូលរួមសហការយ៉ាងសកម្មថែមទៀត ដើម្បីអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាលថៃឲ្យបានខ្ជាប់ខ្ជួន និងមានប្រសិទ្ធិភាពខ្ពស់ដូចរយៈពេលកន្លងមក ព្រមទាំងសូមរក្សាសុខភាពអនាម័យដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕