រយៈពេល ៤ថ្ងៃ នៃឱកាសឈប់សម្រាកក្នុងព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ ព្រះករុណា ព្រះមហាក្សត្រ និងព្រះរាជពិធីបុណ្យអុំទូក (២៩ តុលា – ១ វិច្ឆិកា ឆ្នាំ២០២០) មានភ្ញៀវទេសចរ ដើរកម្សាន្តតាមគោលដៅរមណីយដ្ឋានទេសចរណ៍នានានៅទូទាំងប្រទេស ប្រមាណ ៦៤ម៉ឺននាក់ ក្នុងនោះ មានទេសចរបរទេសដែលស្នាក់នៅក្នុងប្រទេសកម្ពុជា ជាង ៩ពាន់នាក់ផងដែរ។ នេះបើយោងតាមប្រសាសន៍របស់រដ្ឋមន្ត្រីទេសចរណ៍ ឯ.ឧ. ថោង ខុន នៅព្រឹកថ្ងៃចន្ទ ទី២ ខែវិច្ឆិកា ឆ្នាំ២០២០។
ឯ.ឧ. រដ្ឋមន្ត្រីមានប្រសាសន៍ថា បើទោះបីជាប្រទេសកម្ពុជា បានទទួលរងនូវផលប៉ះពាល់ ដោយជំងឺកូវីដ -១៩ និង គ្រោះទឹកជំនន់ ជាបន្តបន្ទាប់ ប៉ុន្តែប្រជាពលរដ្ឋនៅតែអាចធ្វើដំណើរកំសាន្តបានប្រកដដោយ ភាពសប្បាយរីករាយ ជាលក្ខណៈគ្រួសារ ជាក្រុម។
យោងតាមរបាយការេបស់ក្រសួងទេសចរណ៍ បានបង្ហាញថា ភ្ញៀវសរុប មានចំនួនប្រមាណ ៦៤៤.៦៩៨ នាក់ ក្នុងនោះរួមមាន ៖
− ភ្ញៀវជាតិមានចំនួនប្រមាណ ៦៣៥.៥៦៨ នាក់
− ភ្ញៀវបរទេសផ្ទៃក្នុងមានចំនួនប្រមាណ ៩.១៣០ នាក់។
ក្នុងនោះ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
− ខេត្តសៀមរាប ៖ ១៦៧.២២៥ នាក់
− ខេត្តកំពត ៖ ៧៣.៥៩២ នាក់
− ខេត្តព្រះសីហនុ ៖ ៥៤.៤០០ នាក់
− ខេត្តកណ្តាល ៖ ៥១.៨៦២ នាក់
− ខេត្តកំពង់ស្ពឺ ៖ ៤៣.២៤៤ នាក់
− ខេត្តកែប ៖ ៣៨.៥៥៨ នាក់
− ខេត្តកោះកុង ៖ ២៨.២៧៥ នាក់
− ខេត្តមណ្ឌលគិរី ៖ ២២.០២៣ នាក់
ដោយឡែក នៅរាជធានីភ្នំពេញ ទោះពុំមាន ការប្រារព្វពិធីអុំទូក ក៏មានបងប្អូនប្រជាពលរដ្ឋ ប្រមាណ ៤០ម៉ឺននាក់នាក់ បានដើរកម្សាន្តនៅគោលដៅសំខាន់ៗ ពិសេសនៅតំបន់កោះពេជ្រ ទស្សនាកាំជ្រួចនៅមាត់ទន្លេមុខព្រះបរមរាជវាំង តំបន់កម្សាន្តជ្រោយចង្វារ និងតំបន់វិមាន ឈ្នះ ឈ្នះ ។
ចំពោះការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ជាទូទៅ ត្រូវបានកត់សម្គាល់ថា មានភាពល្អប្រសើរ មិនមានបញ្ហា ឬការរំខានណាមួយកើតឡើងគួរកត់សម្គាល់ទេ។ ដោយឡែកបញ្ហាប្រឈមដែលកើតមានឡើងកន្លងមក ជាពិសេសការគ្រប់គ្រងតំលៃសេវា និងបញ្ហាសំរាម ត្រូវបានយកចិត្តទុកដាក់ដោះស្រាយ ទោះបីនៅមានបញ្ហាខ្លះត្រូវបន្តដោះស្រាយ៕