ភ្នំពេញ៖ ក្នុងសន្និសីទកាសែត នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯ.ឧ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋ មន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានថ្លែងថា ហុងគ្រី គឺជាមិត្តដ៏ជិតស្និទ្ធមួយរបស់កម្ពុជា។ ហុងគ្រីបានផ្តល់នូវជំនួយ និងការគាំទ្រមកដល់កម្ពុជា នៅពេលកម្ពុជា កំពុងត្រូវការជំនួយជាចាំបាច់ បន្ទាប់ ពីងើបផុតពីភ្លើងសង្រ្គាមនៃរបបខ្មែរក្រហម។ទ័ពមួកខៀវហុងគ្រី បានបញ្ជូនមកកម្ពុជាក្រោមឆត្រ័របស់អជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅកម្ពុជា (UNTAC)។ ហុងគ្រី ជាប្រទេសតូចមួយនៅអឺរ៉ុប ដែលចេញមុខការពារកម្ពុជា ជំទាស់ចំពោះការព្រមានរបស់អឺរ៉ុប ដើម្បីដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីប្រទេសកម្ពុជា កាលពីឆ្នាំមុន។ ជំហររបស់ហុងគ្រី លើការដកប្រព័ន្ធអនុគ្រោះពន្ធ EBA គឺជាឧទាហរណ៍មួយទៀត ដែលសរបញ្ជាក់អំពីមិត្តដែលយល់ពីស្ថានភាពរបស់កម្ពុជា ហើយក្លាហានក្នុងការគាំទ្រកម្ពុជា ឱ្យទទួលបានយុត្តិធម៌ ដើម្បីឆ្ពោះទៅរកលិទ្ធិប្រជាធិបតេយ្យ ប្រកបដោយសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
ឯ.ឧ ឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ទៀតថា ក្នុងរយៈ ពេលប៉ុន្មានឆ្នាំចុងក្រោយ ប្រទេសទាំងពីរនាក់ពិតជាមានសេចក្តីសោមនស្សរីករាយចំពោះទំនាក់ទំនងមិត្តភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដែលបន្តរីកចម្រើន ដោយផ្អែកលើមូលដ្ឋានគតិយុត្តិដ៏រឹងមាំ។ កម្ពុជា បានពិនិត្យឡើងវិញនូវការអនុវត្តកិច្ចព្រមព្រៀងនិងអនុស្សរណៈដែលបានចុះ ហត្ថលេខាក៏ដូចជាយន្តការនានាដែលបានឯកភាពគ្នាកន្លង មក ដែលក្នុងនោះរួមមានគណៈកម្មការសេដ្ឋកិច្ចចម្រុះ កិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសកម្ពុជា- ហុងគ្រី និងឯកសារមួយចំនួនទៀត ដើម្បីជួយពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការ ក្នុងវិស័យគ្រប់គ្រងទឹក កសិកម្ម សេដ្ឋកិច្ច និងពាណិជ្ជកម្ម ទេសចរណ៍ និងអប់រំ។ ប្រទេសយើងទាំងពីរតែងឈរលើគោលការណ៍ច្បាប់អន្តរ ជាតិ ដែលមានចែងក្នុងធម្មនុញ្ញរបស់អង្គការ សហប្រជាជាតិ ហើយយើងក៏តែងតែប្រកាន់យកជំហរក្នុងការពង្រឹងបន្ថែមនូវពហុភាគីនិយម ដោយគោរពអធិបតេយ្យរបស់រដ្ឋនីមួយៗ»។
សូមជម្រាបថា ភាគីទាំងពីរកំពុងត្រៀមរៀបចំព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ព្រះករុណា ព្រះមហាក្សត្រ នៅប្រទេសហុងគ្រីនាឆមាសទី២ នៃឆ្នាំ ២០២១ ឬនៅឆមាសទី១ នៃឆ្នាំ ២០២២ ដែលព្រះរាជដំណើរនេះនឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ដើម្បីអបអរ សាទរខួបលើកទី ៦៥ នៃទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ នៅឆ្នាំក្រោយផងដែរ។ គួររំលឹកថា សម្តេចតេជោនាយករដ្ឋមន្រ្តី បានបំពេញទស្សនកិច្ច នៅទីក្រុងប៊ុលដាប៉េស ចំនួន២ដង ចំណែក លោក Janos Ader ប្រធានាធិបតីហុងគ្រី បានមកបំពេញទស្សនកិច្ចនៅរាជធានីភ្នំពេញកាលពីឆ្នាំមុន៕