អាជ្ញាធរក្រុងព្រះសីហនុ បន្តចុះរៀបចំសណ្ដាប់ធ្នាប់តាមផ្លូវសាធារណៈដែលមានពលរដ្ឋសង់រោង និងតូបលក់ដូរលើចំណីផ្លូវ

ខេត្តព្រះសីហនុ៖ ថ្នាក់ដឹកនាំរដ្ឋបាលក្រុងព្រះសីហនុ បានបន្តដឹកនាំអាជ្ញាធរសង្កាត់៤ និងបុគ្គលិកក្រុមហ៊ុនសំរាម KSWM  ចូលរួមសហការជាមួយមន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ចុះរៀបចំសណ្ដាប់ធ្នាប់ នៅតាមបណ្ដោយផ្លូវមួយចំនួន ឆ្ពោះទៅកាន់វត្តអូរត្រេះ ស្ថិតក្នុងភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ដើម្បីរក្សារបៀបរៀបរយឡើងវិញ។

សកម្មភាពខាងលើ ធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បន្ទាប់ពីមានបងប្អូនប្រជាពលរដ្ឋមួយចំនួន បាននាំគ្នាសង់រោង និងតូបលក់ដូរ បំពានលើដងផ្លូវ និងចំណីផ្លូវសាធារណៈ។

មន្ត្រីរដ្ឋបាលក្រុងព្រះសីហនុ បញ្ជាក់ថា ចំពោះការសង់រោង និងតូបលក់ដូរមិនរៀបរយ ហើយបំពានលើដងផ្លូវ និងចំណីផ្លូវសាធារណៈ នៅតំបន់អូរត្រេះ គឺបានប៉ះពាល់ដល់ការធ្វើចរាចរណ៍, បង្ករឲ្យមានគ្រោះថ្នាក់ផ្សេងៗ, ប៉ះពាល់បរិស្ថាន ដោយសារការទុកដាក់សំរាមមិនត្រឹមត្រូវ និងប៉ះពាល់ដល់សោភ័ណភាពក្រុងទេសចរណ៍ជាប់ឆ្នេរសមុទ្រមួយនេះធ្ងន់ធ្ងរបំផុត។

នាឱកាសនោះដែរ មន្ត្រីរដ្ឋបាលក្រុងព្រះសីហនុ ក៏បានបន្តណែនាំប្រជាពលរដ្ឋ ហាមមិនឲ្យមកសង់រោង និងតូបលក់ដូរគ្មានសណ្តាប់ធ្នាប់ នៅលើចំណីផ្លូវសាធារណៈ ដែលនាំឲ្យបាត់បង់របៀបរៀបរយ ទៀតទេនាថ្ងៃខាងមុខ។

បន្ថែមលើនេះ អាជ្ញាធររដ្ឋបាលក្រុងព្រះសីហនុ ក៏បានព្រមានថា ប្រសិនបើប្រជាពលរដ្ឋទាំងឡាយណា មិនគោរពតាមបំរាម និងការណែនាំ របស់អាជ្ញាធរទេ នឹងមានចំណាត់ការតាមនីតិវិធីច្បាប់៕  ដោយ ៖ មនោរាហ៍