ថ្ងៃនេះ អ្នកជំងឺកូវីដ-១៩ ចំនួន ៣នាក់នៅកម្ពុជា បានជាសះស្បើយ និងមិនមានករណីឆ្លងថ្មីទេ

នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ ចំនួន ៣នាក់ត្រូវបានព្យាបាលជាសះស្បើយ ហើយមិនមានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ថ្មី នោះទេ ខណៈអ្នកកំពុងសម្រាកព្យាបាលនៅសល់ ៦នាក់ទៀត។

ដោយឡែក​ អ្នកដែលបានប៉ះពាល់ជាមួយឯកឧត្តមរដ្ឋមន្ត្រីការបរទេស​ និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី​ គិតត្រឹមម៉ោង២៣ និង០០នាទីនៃយប់ថ្ងៃទី០៤​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ សរុបមានចំនួន​៦២៨នាក់​ ត្រូវបានតេស្ត​ និងទទួលបានលទ្ធផល​អវិជ្ជមានវីរុសកូវីដ-១៩​ ទាំងអស់។ ទន្ទឹមនោះ ក្រសួងក៏បាននិង​កំពុងបន្តធ្វើតេស្ត​ និងស្រាវជ្រាវរកអ្នកប៉ះពាល់ជាបន្តទៀត​ និងបន្តជូនព័ត៌មាន​នៅពេលទទួលបានលទ្ធផលតេស្ត។

សូមជម្រាបថា គិតត្រឹមម៉ោង ៧ ៖ ០០នាទីព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅកម្ពុជា មានរកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៩២នាក់ (ស្ត្រី៦០នាក់ និងបុរស២៣២នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបចំនួន ២៨៦នាក់ (ស្មើនឹង ៩៧.៩៥% ធៀប នឹងចំនួនអ្នកមានវីរុសកូវីដ-១៩ទាំងអស់) និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញចំនួន ៦នាក់៕