ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ឯកឧត្ដម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អមដំណើរដោយឯកឧត្តម លោកជំទាវ លោកឧកញ៉ា សមាជិក សមាជិកា គណៈកម្មាធិការសាខា លោកអភិបាលក្រុង សមាជិកយុវជនបក្សខេត្ត និងសប្បុរសជន បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទ ក្រហមកម្ពុជា ចែកជូនដល់ប្រជាការពារ និងអ្នកអនាម័យក្រុងព្រះសីហនុ ចំនួន ៦៤៧ គ្រួសារ។
នាឱកាសនោះដែរ ឯកឧត្ដម ប្រធានគណៈ កម្មាធិការសាខា បានថ្លែងការកោតសរសើរចំពោះប្រជាការពារ និងអ្នកអនាម័យក្រុងព្រះសីហនុទាំងអស់ ចំពោះការខិតខំប្រឹងប្រឹងប្រែងបំពេញការងារដោយមិនគិតពីថ្ងៃឈប់សំរាក ក្នុងការចូលរួមចំណែកក្នុងរៀបសណ្តាប់ធ្នាប់ក្រុង ភូមិ ឃុំ និងការសំអាតអនាម័យបរិស្ថាន នៅតាមតំបន់ឆ្នេរ និងតាមទីសាធារណៈនានា ដែលទាំងអស់នេះពិតជាមិនអាចខ្វះការចូលរួមពីបងប្អូនបានឡើយ។
ឯកឧត្តម ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តព្រះសីហនុ និងឯកឧត្តម ជាម ហ៊ីម អនុប្រធានកិត្តិយសសាខា ជាពិសេសពីសំណាក់ សម្តេច កតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ដែលសម្តេចតែងតែយកចិត្តទុក ដាក់ រួមសុខ រួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈទាំងអស់ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឫនិន្នាការនយោបាយអ្វីឡើយ។ ជាមួយគ្នានេះដែរ ឯកឧត្ដម ក៏សូមថ្លែងអំណរគុណដល់សប្បុរសទាំងអស់ ដែលតែងតែចូលរួមចំណែកជាមួយសាខាកាកបាទក្រហមខេត្ត ទាំងសម្ភារៈ ថវិកា ពេលវេលា ដើម្បីជួយទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌ ចែករំលែកដល់បងប្អូនប្រជាពលរដ្ឋ ក្នុងពេលជួបការលំបាកផេ្សងៗ។
ឯកឧត្តម គួច ចំរើន បានក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានគ្រប់គ្នាជាពិសេស សូមការពារខ្លួនចៀសផុតពីជំងឺឆ្លង កូវីដ-១៩ ហេីយស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានខ្ជាប់ខ្ជួនដោយបន្តពាក់ម៉ាសការពារ ឧស្សាហ៍ដុសសម្អាត លាងដៃ ជាមួយសាប៊ូ ទឹកអាល់កុល ឬចឹលសម្លាប់មេរោគអោយបានជាប្រចាំ ។អំណោយដែលចែកជូននៅពេលនេះ ក្នុងមួយគ្រួសារៗ ទទួលបាន ៖
-អង្ករ ១បាវ
-ត្រីខកំប៉ុង ១យួរ =១០កំប៉ុង
-មី ១កេសតូច
-ពងមាន់ ៣០គ្រាប់
-ថវិកា ប្រាំម៉ឺនរៀល ផងដែរ ៕ ដោយ ៖ មនោរាហ៍