សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែ ព្រះអង្គនឹងយាងទទួលគ្រឿងឥស្សរិយយស «មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន» (Order of Friendship of the People’s Republic of China) ពីឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិត ចិន។
នៅថ្ងៃទី៦ ខែវិចិ្ឆកា ឆ្នាំ២០២០ នាមហាវិមានប្រជាជនចិន កណ្តាលទីក្រុងប៉េកាំង ប្រទេសចិន រដ្ឋាភិបាលចិន នឹងរៀបព្រះរាជពិធីថ្វាយគ្រឿងឥស្សរិយយស «មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន» ដល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីជាកិច្ចថ្វាយនូវការដឹងគុណ ក្នុងការចូលរួមចំណែកដ៏ធំធេង នៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះចំណងមិត្តភាព កម្ពុជា-ចិន ។
សូមជម្រាបជូនថា គ្រឿងឥស្សរិយយស «មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន» ជាគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត សម្រាប់ឥស្សរជនឆ្នើមបរទេសដែលបានចូលរួមចំណែកយ៉ាងធំធេងក្នុងការធ្វើទំនើបភាវូបនីយកម្មសង្គមនិយមចិន ការជំរុញការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការរវាងចិន និងបណ្តាប្រទេសបរទេស និងការពារសន្តិភាពពិភពលោក៕