រាជរដ្ឋាភិបាលកម្ពុជា និងថៃ បានឯកភាពគ្នា អនុញ្ញាតឱ្យពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ អាចបន្តការងាររយៈពេលបួនឆ្នាំ ចាប់ពីថ្ងៃទី០១ខែវិច្ឆិកា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដោយមិនចាំបាច់វិលត្រលប់មកកម្ពុជាវិញឡើយ ហើយនៅពេលចប់អាណត្តិបួនឆ្នាំនេះ រាជរដ្ឋាភិបាលទាំងពីរក៏នឹងអនុញ្ញាតឱ្យពលករខ្មែរអាចបន្តការងារនៅប្រទេសថៃរយៈពេលពីរឆ្នាំថែមទៀត។
ការសម្របសម្រួលរវាងភាគីទាំងពីរខាងលើនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការងារ កម្ពុជា-ថៃ តាមប្រព័ន្ធវីដេអូ នារសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ខណៈខាងភាគីកម្ពុជា ដឹកនាំដោយឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ភាគីថៃដឹកនាំដោយ ឯកឧត្តម ស៊ូរ៉ាឆ័យ ឆ័យត្រាគុលថង អនុរដ្ឋមន្រ្តីនៃក្រសួងការងារថៃ។
ភាគីមិត្តទាំងពីរបានពិភាក្សា និងឯកភាពគ្នាលើរបៀបវារៈសំខាន់ៗចំនួន៣ ៖ ១. ភាគីទាំងពីរបានពិភាក្សាលើបញ្ហាពលករ ដែលបានបញ្ចប់កិច្ចសន្យាការងាររយៈពេលបួនឆ្នាំ (នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ រហូតដល់ការរីករាលជំងឺកូវីដ-១៩ អាចគ្រប់គ្រងបាន) តាមរយៈអនុស្សរណៈនៃការយោគយល់គ្នា សម្រាប់បន្តកិច្ចសន្យាការងាររយៈពេលពីរឆ្នាំបន្ថែម។ បន្ទាប់ពីបញ្ចប់កិច្ចសន្យាការងារ រយៈពេលពីរឆ្នាំ ពលករត្រូវត្រលប់មកកម្ពុជាវិញ។ ភាគីថៃបានស្នើ ភាគីកម្ពុជា អនុញ្ញាតឱ្យពលករកម្ពុជាទៅធ្វើការនៅប្រទេសថៃ តាមរយៈអនុស្សរណៈនៃការយោគយល់គ្នា ដែលនឹងបញ្ចប់កិច្ចសន្យាការងាររយៈពេលបួនឆ្នាំ អាចបន្តស្នាក់នៅនិងធ្វើការនៅប្រទេសថៃ ដោយមិនចាំបាច់វិលត្រលប់មកកម្ពុជាវិញ។ ដើម្បីធានាបានការអនុវត្តការងារមានប្រសិទ្ធភាព កម្ពុជាបានស្នើសុំភាគីថៃ រៀបចំបញ្ជីឈ្មោះពលករកម្ពុជា ដែលបញ្ចប់កិច្ចសន្យាការងាររយៈពេលបួនឆ្នាំ ហើយបញ្ជូនមកភាគីកម្ពុជា ដើម្បីផ្ទៀងផ្ទាត់ និងអនុម័តលើបញ្ជីឈ្មោះពលករកម្ពុជា ក្នុងការអនុញ្ញាតឱ្យបន្តកិច្ចសន្យាការងាររយៈពេលពីរឆ្នាំបន្ថែមទៀត។ ២.ភាគីទាំងពីរបានពិភាក្សាលើបញ្ហានីតិវិធី នៃការអនុញ្ញាតពលករកម្ពុជា ទៅធ្វើការនៅប្រទេសថៃ តាមរដូវនៅតាមខេត្តជាប់ព្រំដែន។ ភាគីថៃបានជូនដំណឹងមកភាគីកម្ពុជាថា និយោជកថៃត្រូវការពលករកម្ពុជា តាមរដូវប្រមាណ៣៤,០០០នាក់ ដែលធ្វើការនៅចម្ការមៀន នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ។ ក្នុងចំណោមនេះភាគីថៃត្រូវការពលករកម្ពុជាចំនួន១,០០០ នាក់ សម្រាប់ធ្វើការនៅឃ្លាំងស្តុកទំនិញនិងផ្នែកវេចខ្ចប់ ក្នុងខេត្តច័ន្ទបុរី ដោយនិយោជក នឹងទទួលខុសត្រូវលើការចំណាយចត្តាឡីស័ក១៤ថ្ងៃ ក្នុងការនាំយកពលករកម្ពុជាលើកដំបូង។ ចំពោះពលករកម្ពុជាចំនួន៥០០នាក់ដំបូង ភាគីថៃរំពឹងថា នឹងអាចញ្ជូនទៅធ្វើការនៅប្រទេសថៃឱ្យបានឆាប់ តាមរយៈការពន្លឿនការអនុញ្ញាតនិងសម្របសម្រួលបញ្ជូនពលករឱ្យបានឆាប់។
ដោយសារក្នុងពេលការរីករាលដាលជំងឺកូវីដ-១៩ ប្រទេសទាំងពីរបានបិទច្រកព្រំដែនជាបណ្តោះអាសន្ននោះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានស្នើដល់ភាគីថៃ សម្របសម្រួលដល់ការបើកច្រកព្រំដែនកម្ពុជា-ថៃ ដើម្បីសម្រួលដល់ការចេញចូលរបស់ពលករកម្ពុជា ដែលទៅធ្វើការ ព្រមទាំងស្នើឱ្យមានការអនុវត្តនូវវិធានសុវត្ថិភាពឱ្យបានហ្មត់ចត់ ដើម្បីធានាសុវត្ថិភាពជូនប្រជាជន ។
ភាគីទាំងពីរបានយល់ព្រមស្នើសុំអាជ្ញាធរមានសមត្ថកិច្ចអនុញ្ញាតឱ្យពលករកម្ពុជា ឆ្លងកាត់ព្រំដែន ទៅធ្វើការនៅប្រទេសថៃ ដោយត្រូវអនុវត្តតាមវិធានការចត្តាឡីស័ក។ ភាគីថៃនឹងបញ្ជូនលិខិតផ្លូវការទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីសម្របសម្រួលជាមួយអាជ្ញាធរកម្ពុជា ក្នុងការបើកព្រំដែនឡើងវិញ សម្រាប់ពលករកម្ពុជាធ្វើការតាមរដូវនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ។ ភាគីទាំងពីរបានពិភាក្សាលើបញ្ហាការបន្តសុពលភាពលិខិតធ្វើដំណើរពលករកម្ពុជា ដែលកំពុងធ្វើការ និងស្នាក់នៅប្រទេសថៃ ដែលបញ្ចប់កិច្ចសន្យាការងាររយៈពេលបួនឆ្នាំ៖ នៅក្នុងចំណុចទីបីនេះ ភាគីថៃបានជូនដំណឹងដល់ភាគីកម្ពុជាថា វិធានការណ៍ពិសេសអនុញ្ញាតឱ្យពលករបរទេស មកធ្វើការនៅប្រទេសថៃ តាមរយៈអនុស្សរណៈនៃការយោគយល់គ្នា ដែលមានរយៈពេលការងារសរុប៤ឆ្នាំ នឹងបញ្ចប់កិច្ចសន្យាការងារត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ អនុញ្ញាតបន្តការស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ដោយស្របច្បាប់ បន្ទាប់ពីបំពេញនីតិវិធីចាំបាច់ក្នុងរយៈពេលកំណត់។
សូមជម្រាបថា ក្រោយចប់កកិច្ចពិភាក្សាខាងលើភាគីទាំងពីរំពឹងថា កិច្ចសហប្រតិបត្តិការទ្វេភាគីនឹងទទួលបានផ្លែផ្ការីកចម្រើន ដើម្បីសម្រួលដល់ការប្រកបការងាររបស់ប្រជាជនប្រទេសទាំងពីរ និងជំរុញទំនាក់ទំនងរវាងប្រទេសជាមិត្តឱ្យបានជិតស្និទ្ធថែមទៀត៕