រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំត្រៀមរៀបចំបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា លើកទី៦៧ និងទិវាកំណើតកងទ័ព

ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃទី៦ ខែ វិច្ឆិកា ឆ្នាំ២០២០ នៅសាលាខេត្តព្រះសីហនុ មានរៀបចំប្រារព្ធពិធីបើក កិច្ចប្រជុំ ស្តីអំពី ផែនការណែនាំលេខ ១១/២០២០ គជបអ ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ស្តីពីការរៀបចំខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២០។  ក្រោមអធិបតីភាពលោក លៀម សូដា អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងមានការអញ្ជើញចូល រួមពី មន្ត្រីរាជការ នៃអង្គភាពពាក់ព័ន្ធ ជុំវិញខេត្ត។

ថ្លែងនៅក្នុងកិច្ចប្រជុំ លោក ឈិត រតនៈ អនុប្រធានស្តីទីនៃទីចាត់ការ រដ្ឋ បាលខេត្តព្រះសីហនុបានលើកឡើងថា៖  ខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី៩ – ១០ និង  ថ្ងៃទី ១១ ខែវិច្ឆិកា  ឆ្នាំ២០២០ ដើម្បីសម្តែងនូវទឹកចិត្តសោមនស្ស រីករាយអបអរសាទរយ៉ាងក្លៀវក្លាបំផុត ចំពោះទិវាជាប្រវត្តិសាស្ត្រ ដែលកម្លាំងមហា សាមគ្គីជាតិទាំងមូល ដណ្តើមបានទាំងស្រុងមកវិញពី អាណានិគមនិយមបារាំង នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ នូវឯករាជ្យជាតិ ដ៏ពេញបរិបូណ៌ ក្រោមព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យជាតិដ៏ឧត្តុង្គឧត្តម នៃ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ ” ព្រះបរមរតនកោដ្ឋ ។

ដើម្បីចាត់តាំងរៀបចំពិធីបុណ្យនេះ ឱ្យបានមហោឡារិក និងឆ្លើយតបឱ្យបានសមស្របទៅតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងអនុវត្តវិធានការការពាររបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ និង ការពារការឆ្លងរាលដាលនៃជំងឺកូវដ ១៩ រដ្ឋបាលខេត្តព្រះសីហនុ សូមធ្វើការណែនាំដូចខាងក្រោម ៖

១- គ្រប់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត៍ ត្រូវរៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដោយតុបតែង លម្អបំភ្លឺភ្លើងពណ៌ ចង ទង់ជាតិ ទង់សាសនាទង់ព្រះមហាក្សត្រ បដាពាក្យស្លោក ព្រមទាំងណែនាំដល់បណ្តាក្រុមហ៊ុន រោងចក្រ សហគ្រាសគ្រឹះស្ថានសាធារណៈ សាលារៀន និងបំផុសប្រជាពលរដ្ឋ ឱ្យចងទង់ជាតិគ្រប់គេហដ្ឋាន។

២-រដ្ឋបាលក្រុងព្រះសីហនុ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ មន្ទីរធម្មការ និងសាសនា និងមន្ទីរអប់រំយុវជន និងកីឡាខេត្ត ចូលរួមសហការ ជាមួយរដ្ឋបាលខេត្តព្រះសីហនុ រៀបចំមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២០ ក្នុងរូបភាពមួយសមស្រប ដោយមានការអញ្ជើញ និងនិមន្តចូលរួមពីព្រះមេគណខេត្ត ព្រះសង្ឃ ថ្នាក់ដឹកនាំខេត្ត។

មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត ប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិចូលរួមឱ្យបានច្រើនកុះករ និងចាត់តាំងពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ព្រមទាំងមានបង្ហោះប៉េងប៉ោងជា និមិត្តរូប នៃការសុំសុខសន្តិភាព។ ទន្ទឹមនឹងនេះ សូមជម្រាបជូនដល់ គ្រប់មន្ទីរអង្គភាពរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រៀមឯកសណ្ឋាន នៃមន្ទីរ-អង្គភាពជំនាញនីមួយៗ ក្នុងការចូលរួមមីទ្ទិញខួបអនុស្សាវរីយ៍ លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៩ខែវិច្ឆិកា ឆ្នាំ២០២០។ នៅវេទិកា ៧មករា ដែលមានទីតាំង ស្ថិតនៅក្នុង សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។

៣-មន្ទីរសុខាភិបាលខេតៈ ត្រូវចាត់ត្រពេទ្យ មានឱសថ រថយន្តគិលានសង្គ្រោះ និងត្រៀមសម្ភារៈបរិក្ខារបម្រើឱ្យវិធានការទប់ស្កាត់ និងការពារការឆ្លងរាលដាលជំងឺកូវ៥-១៩ ក្នុងពិធីមីទ្ទិញ នៅវេទិកា៧មករា។

៤-មន្ទីរព័ត៌មានខេត្ត ត្រូវចាត់តាំងឱ្យបណ្តាញវិទ្យុ ទូរទស្សន៍ជាតិ និងឯកជន តាមដានយកព័ត៌មានធ្វើការផលិតកម្មវិធីផ្សព្វផ្សាយខ្លឹមសារ និងអត្ថន័យ នៃពិធីបុណ្យខាងលើឱ្យបានទូលំទូលាយ ។

៥-ស្នងការដ្ឋាននគរបាលខេត្ត ទីបញ្ជាការកងរាជអាវុធហត្ថខេត្ត និងតំបន់ប្រតិបត្តិការសឹករងព្រះសីហនុត្រូវត្រៀមលក្ខណៈចាត់តាំងកម្លាំងការពាររក្សាសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់សង្គម ចរាចរណ៍តាមសមត្ថកិច្ចរបស់ខ្លួន នៅតាមក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីធានាសុវត្ថិភាព សេចក្តីសុខក្សេមក្សាន្ត និងសប្បាយ រីករាយជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកសម្រាកកំសាន្តនៅខេត្តព្រះសីហនុ ក្នុងឱកាសពិធីបុណ្យខាងលើឱ្យបានល្អប្រសើរ។ ក្នុងឱកាសមីទ្ទិញខួបអនុស្សាវរីយ៍ លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកាឆ្នាំ២០២០ ស្នងការដ្ឋាននគរបាលខេត្ត ត្រូវជួយសម្រាលសណ្តាប់ធ្នាប់ របៀបរៀបរយ អោយបានល្អ។

ចំណែក លោក លៀម សូដា អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាន មានប្រសាសន៍ថា៖រៀបចំពិធីបុណ្យនេះ ឱ្យធានាបាននូវសុខសុវត្ថិភាព និងទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ត្រូវជួយរៀបចំកងកម្លាំងសម្រាប់ វន្ទាអាវុធ និងកាន់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ។ ទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត ត្រៀមលក្ខណៈដោះស្រាយសម្ភារៈ និងថវិកាសម្រាប់បម្រើការរៀបចំពិធីបុណ្យខាងលើឱ្យបានសមស្រប និងទាន់ពេលវេលា ។

រដ្ឋបាលខេត្តព្រះសីហនុ សង្ឃឹមថា គ្រប់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នឹងចាត់តាំងអនុវត្តតាមស្មារតី នៃសេចក្តីណែនាំនេះ ឱ្យសម្រេចបានលទ្ធផលល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថា កម្មវិធីនេះ នឹងប្រារព្ធធ្វើឡើងវេលាម៉ោង ៧ និង  ៣០ព្រឹក  ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវេទិកា ៧មករា ដែលមានទីតាំង ស្ថិតនៅក្នុង សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ៕ ដោយ ៖ មនោរាហ៍