ឯ.ឧ ហេង រតនា អគ្គនាយកស៊ីម៉ាក់ មានប្រសាសន៏ថា គិតមកដល់ពេលនេះ ការផ្តល់ប្រាក់បំណាច់ការងារជូនមន្ត្រីបុគ្គលិកស៊ីម៉ាក់ មន្ត្រីបុគ្គលិកដែលបានបញ្ចប់ការងារ បាត់បង់លទ្ធភាពពលកម្ម ពិការ ជាង២ពាន់នាក់ ដោយសរុបជាទឹកប្រាក់ចំនួនជិត៤លានដុល្លារអាមេរិក។
ថ្លែងនៅនៅក្នុងពិធីសំណេះសំណាល និងបើកប្រាក់បំណាច់ការងាររបស់ អង្គភាពស៊ីម៉ាក់ ជូនមន្ត្រីបុគ្គលិកចូលនិវត្តន៏ នៅព្រឹកថ្ងៃសុក្រនេះ ឯ.ឧ ហេង រតនា អគ្គនាយកស៊ីម៉ាក់ សំដែងក្តីរីករាយ ដែលមន្ត្រីស៊ីម៉ាក់ចូលនិវត្តន៏ អាចធ្វើសមាហរណកម្មទៅមូលដ្ឋានវិញ ដោយទទួលបានប្រាក់ចិញ្ចឹមជីវិត។ ឯ.ឧ ហេង រតនា បន្ថែមថា ប្រាក់បំណាច់ការងារនេះ មិនមែនជាប្រាក់ខែទេ ប៉ុន្តែ ជាប្រាក់បំណាច់ការងារ ដើម្បីផ្តល់ជូនមន្ត្រីស៊ីម៉ាក់ អាចធ្វើជាទុនសម្រាប់ចិញ្ចឹមជីវិតនៅក្រោយចូលនិវត្តន៏។ ឯ.ឧ រីករាយចំពោះមន្ត្រីស៊ីម៉ាក់ ដែលត្រូវបានរាជរដ្ឋាភិបាល សម្រេចបញ្ចូលក្របខណ្ឌក្រសួងការពារជាតិ ដោយបាន ជួយដល់ជីវភាពរបស់មន្ត្រីស៊ីម៉ាក់បានយ៉ាងល្អប្រសើរ។
សូមជម្រាបថា ដោយអនុវត្តតាមគោលនយោបាយស្តីពីការផ្តល់ប្រាក់បំណាច់ការងារ (ប្រាក់សន្សំ) របស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) រហូតមកដល់ពេលនេះ អង្គភាពស៊ីម៉ាក់បានផ្តល់នូវប្រាក់បំណាច់ការងារ ជូនដល់មន្ត្រីបុគ្គលិកដែលបានបញ្ចប់ការងារ បាត់បង់លទ្ធភាពពលកម្ម ពិការ និងចូលនិវត្តន៍ និងជូនដល់គ្រួសារមន្ត្រីបុគ្គលិកមរណៈ និងពលី សរុបចំនួន ២.៤៦១នាក់ ជាបន្តបន្ទាប់រួចមកហើយសរុបជាទឹកប្រាក់ចំនួន៣លាន ៨សែន ៧ម៉ឺន ៧.២៨៩ ដុល្លារអាមេរិក។ ដោយឡែក នៅខែវិច្ឆិកា ឆ្នាំ២០២០នេះ អង្គភាពស៊ីម៉ាក់ នឹងផ្តល់ប្រាក់បំណាច់ការងារនេះ ជូនដល់មន្ត្រីបុគ្គលិកដែលបានចូលនិវត្តន៍ និងពិកា និងជូនដល់គ្រួសារមន្ត្រីបុគ្គលិកមរណៈចំនួន ១១០នាក់ថែមទៀត សរុបជាទឹកប្រាក់ចំនួន ២៣ម៉ឺន ៤.០២២ដុល្លារអាមិរិក ដែលក្នុងនោះ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ នឹងផ្តល់ជូនចំនួន ៤៥នាក់ និងលើកទី២ចំនួន ៦៥នាក់ ដែលមន្ត្រីបុគ្គលិកទាំងនេះត្រូវបានបញ្ចូលក្របខ័ណ្ឌក្នុងកងយោធពលខេមរភូមិន្ទនៃក្រសួងការពារជាតិ និងបានទទួលរបបសោធននិវត្តន៍។ ចាប់តាំងពីឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ន មន្ត្រីបុគ្គលិកស៊ីម៉ាក់សរុបចំនួន១.០១៩នាក់ ត្រូវបានបញ្ចូលក្របខ័ណ្ឌក្នុងកងយោធពលខេមរភូមិន្ទនៃក្រសួងការពារជាតិ ដែលក្នុងនោះ មានចំនួន៦៩៥នាក់ បានទទួលរបបសោធន ពលី និងពិការួចហើយ ហើយ៣២៤នាក់ទៀត កំពុងរង់ចាំការវាយតម្លៃដាក់ឲ្យចូលនិវត្តន៍ និងពិការ សម្រាប់ទទួលរបបសោធន ពលី និងពិកា នៅឆ្នាំ២០២១៕