អង្គរក្សការពារផ្ទាល់រដ្ឋមន្ត្រីការបរទេសហុងគ្រី ដែលរកឃើញមានវីរុសកូវីដ-១៩ មានសុខភាពល្អប្រសើរ

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងថា ស្ថានភាពសុខភាពបុរសជនជាតិខ្មែរ ដែលជាអង្គរក្សការពារផ្ទាល់ឯកឧត្តមរដ្ឋមន្ត្រីការបរទេសហុងគ្រី ហើយដែលត្រូវបានរកឃើញថា វិជ្ជមានវីរុសកូវីដ-១៩ កំពុងស្ថិតក្នុងភាពល្អប្រសើរ។

លោកជំទាវ បានគូសបញ្ជាក់ដោយខ្លីថា ៖ “ខ្ញុំសូមបញ្ជាក់ជូនថា សុខភាពអ្នកជំងឺរូបនេះនៅពេលនេះ គឺមិនមានសញ្ញាណាមួយដែលបង្ហាញពីសភាពធ្ងន់ធ្ងរនោះទេ ហើយបច្ចុប្បន្ន គាត់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត”។

គួររម្លឹកថា កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ មានការភ្ញាក់ផ្អើល ហើយក៏ជាលើកទី១ ដែលកម្ពុជារកឃើញអ្នកវិជ្ជមានវីរុសកូវីដ-១៩ ក្នុងចំណោមអ្នកដែលបានធ្វើតេស្តប្រមាណជាង ៩០០នាក់ ដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយគណៈប្រតិភូហុងគ្រី ដែលបានមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា កាលពីថ្ងៃទី៣ ខែវិច្ឆិកា កន្លងមកថ្មីៗនេះ៕