ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី៩ វិច្ឆិកា ទិវាបុណ្យឯករាជ្យជាតិ រដ្ឋបាលខេត្តព្រះសីហនុ បាន
ប្រារព្ធធ្វើឡើងនៅមុខវេទិការ៧ មករា ដែលមានទីតាំង ស្ថិតនៅ ភូមិ១ សង្កាត៣ ក្រុង- ខេត្ត ព្រះសីហនុ ដើម្បីបង្ហាញឱ្យមហាជនចងចាំនូវខួបអនុស្សាវរីយ៍លើកទី៦៧នៃទិវាបុណ្យឯករាជជាតិ ៩វិច្ឆិកា ១៩៥៣ – ៩វិច្ឆិកា២០២០ និង ទិវាកំណើតកងយោធពលខេមរភូមិន្ទ ដោយមានការ និមន្ត និងចូលរួម ក្រោមអធិបតីភាព ឯក ឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សា ខេត្តព្រះសីហនុ និង និងព្រះតេជគណ ហ្វាន់ ហឿន ព្រះមេគណ ខេត្តព្រះសីហនុ និង មន្ត្រីរាជកា សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ តំណាងកម្មករ អាជីវករ នៅក្នុងខេត្តព្រះសីហនុទាំងអស់ផងដែរ។
ក្នុងទិវាខួបអនុស្សាវរីយ៍លើកទី៦៧ទិវាថ្ងៃបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទនេះ នៅចំពោះមុខមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូសិស្សានុសិស្ស និង ប្រជាពលរដ្ឋ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សា ខេត្តព្រះសីហនុ បានថ្លែងថា៖ ខួបលើកទី៦៧ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ២០២០នេះ ដើម្បីរំឭកនូវព្រះរាជបេសកកម្មនៃការដឹកនាំរបស់សម្ដេចព្រះនរោត្តមសីហនុ ព្រះប រមរតនកោដ្ឋ ព្រះមហាវរក្សត្រ ព្រះរាជបិតាឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ។
ឯកឧត្តម ជាម ហ៊ីម បានបន្តថា៖ ព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ បានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងខ្លាំងក្លាបំផុតធ្វើការតស៊ូក្នុងក្របខ័ណ្ឌ នៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យជាតិឱ្យប្រទេសកម្ពុជាបានរួចផុតពីអាណានិគមនិយមបារាំង ហើយធ្វើឱ្យមហាជនចងចាំគំរូវីរភាពដ៏អង់អាច
ក្លាហាន របស់ព្រះករុណាព្រះបរមរតនកោដ្ឋ និងចងចាំជានិច្ចមិនអាចបំភ្លេចបាននូវគុណូបការៈ ដ៏ថ្លៃថ្លារបស់វីរយុទ្ធជន យុទ្ធនារី និង ប្រជាពលរដ្ឋយើងនៅគ្រប់ទិសទី រួមគ្នាដណ្តើមឯករាជ្យជូនជាតិ មាតុភូមិ និងប្រជាពលរដ្ឋ បានរស់នៅដោយសុខក្សេមក្សាន្តក្នុងម្លប់សុខសន្តិភាព។
ឯកឧត្តមបន្តថា ៖ បច្ចុប្បន្ននេះប្រទេសយើងមានការប្រែប្រួល និងការអភិវឌ្ឍរីកចម្រើនច្រើនមែនទែន ចាប់តាំងពីយើងទទួលបានឯករាជ្យមក ដែលយើងមានលទ្ធភាពកសាងប្រទេស ដោយប្រជាជាតិយើងផ្ទាល់ ជាពិសេសភ្ជាប់ជាមួយ ស្នាដៃសម្ដេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកសន្ដិភាពមួយ ដែលមានលទ្ធភាពឱ្យយើងបន្ដ ស្នាព្រះហស្ថរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ»។
សូមបញ្ជាក់ថា ថ្ងៃទី ៩ ខែវិច្ឆិកាឆ្នាំ ១៩៥៣ គឺជាមហាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ របស់ប្រទេសកម្ពុជា ដែលទទួលបាននូវឯករាជ្យជាតិពេញលេញពីប្រទេសបារាំង ក្រោយស្ថិតនៅក្រោមរបបអាណា និគម និយមបារំាងអស់រយៈកាលជិតមួយសតវត្សពីឆ្នាំ(១៨៦៣ដល់ឆ្នាំ១៩៥៣)៕ ដោយ ៖ មនោរាហ៍