រយៈពេលជាង១០ឆ្នាំចុងក្រោយនេះ កម្រិតនៃបទល្មើសបរបាញ់សម្លាប់សត្វដំរីព្រៃ ដើម្បីយកភ្លុក និងកន្ទុយដើម្បីប្រើប្រាស់តាមជំនឿពីបុរាណមកនៅកម្ពុជា មានការធ្លាក់ចុះយ៉ាងខ្លាំង ស្ទើរតែគ្មានដោយសារតែការអនុវត្តច្បាប់តឹងរឹង។ កម្ពុជា ត្រូវការថវិកា ចំនួន៤០,៥លានដុល្លារសហរដ្ឋអាមេរិក ដើម្បីអភិរក្សសត្វដំរីព្រៃអាស៊ី។ នេះបើតាមការបញ្ជាក់របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានមានប្រសាសន៏ថា បានឱ្យដឹងថា កម្រិតនៃការបរបាញ់សត្វដំរីព្រៃត្រូវបានកត់សម្គាល់ឃើញថា មានការធ្លាក់ចុះខ្លាំងស្ទើរតែគ្មានក្នុងរយៈពេលជាង ១០ឆ្នាំមកនេះ ដោយសារតែអាជ្ញាធរមានសមត្ថកិច្ច ពង្រឹងការអនុវត្តច្បាប់បានយ៉ាងល្អ ខណៈពីជាង៣០ឆ្នាំមុន ការបរបាញ់បានសម្លាប់សត្វដំរីព្រៃអស់ជាច្រើនក្បាល។ កម្ពុជាបច្ចុប្បន្ននេះ ដំរីអាស៊ីមានចំនួនប្រមាណចន្លោះពី ៤០០ ទៅ ៦០០ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគិរី ដែលជាតំបន់ជីវៈចម្រុះដ៏សំបូរបែប ប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផលដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត។ ចំណែកដំរីស្រុកត្រូវបានប៉ាន់ស្មានថាមានចំនួន៧១ក្បាល។ដំរីព្រៃអាចទទួលរងការវាយតបពីសំណាក់ប្រជាជនរហូតដល់រងរបួស ឬឈានដល់ការ សម្លាប់ជាការសងសឹកនឹងដំរីព្រៃដែលបានចូលមកស៊ីដំណាំរបស់ពួកគេ។
លោក នេត្រ ភក្ត្រា បានមានប្រសាសន៍ថា យោងតាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញ ក្នុងរយៈពេល ៦០ ទៅ ៧០ ឆ្នាំចុងក្រោយនេះ ចំនួនដំរី អាស៊ីនៅលើពិភពលោកបានថយចុះប្រហែលជា ៥០% ចំណែកឯទីជម្រករបស់វាបានបាត់បង់អស់ជិត៩០%។ ក្នុងចំណោមដំរីអាស៊ីសរុបប្រមាណពី ៣ម៉ឺន ៩ ៤៦៣ ក្បាលទៅ ៤៧ ៤២៧ ក្បាលដែលកំពុងរស់នៅក្នុងព្រៃសត្វថ្ងៃ ក្នុងនោះប្រហែល ៧៥% រស់នៅក្នុង ប្រទេសឥណ្ឌា និងស្រីលង្កា។ ដំរីអាស៊ីត្រូវបានចាត់ទុកថាជាប្រភេទសត្វបង្គោលដ៏សំខាន់ដោយសារសារៈ សំខាន់ផ្នែកវប្បធម៌ តួនាទីក្នុងប្រព័ន្ធអេកូឡូស៊ី និងសក្តានុពលដែលអាចការពារប្រភេទសត្វផ្សេងទៀតនៅ ក្នុងដែនជម្រករបស់វា។
ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ដំរីអាស៊ីកំពុងតែទទួលរងការគំរាមកំហែងធ្ងន់ធ្ងរនៅទូទាំងដែនជម្រករបស់វានៅលើសកលលោក ហើយត្រូវបានចាត់បញ្ចូលជាប្រភេទជិតផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្ដរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN)។ នៅក្នុងតំបន់ទេសភាពភាគខាងកើត មានការកត់សម្គាល់ថា មានដំរីស្លាប់ចំនួន៨ ក្បាលក្នុងនោះមានទាំងកូនដំរី និងដំរីធំដែលករណីដំរីធំស្លាប់ត្រូវបានសង្ស័យថាមានការពាក់ព័ន្ធនឹងការបរបាញ់។ កាលពីដើមឆ្នាំ២០១៩ សត្វដំរីព្រៃវ័យចំណាស់មួយក្បាលត្រូវបានប្រទះឃើញស្លាប់ ដោយត្រូវគេបាញ់ងាប់នឹងគ្រាប់កាំភ្លើងកែច្នៃនៅចំណុចចម្ការស្វាយចន្ទីរបសប្រជាពលរដ្ឋ នៅក្បែរដែនជម្រកសត្វព្រៃកែសីមា ស្ថិតក្នុងខេត្តមណ្ឌលគិរី ហើយភ្លុកនិងកន្ទុយរបស់វាត្រូវបានគេលួចកាត់យកទៅបាត់។ នៅឆ្នាំ២០២០នេះ កូនដំរីព្រៃចំនួន ២ ក្បាលបានរកឃើញស្លាប់នៅក្នុងខេត្តមណ្ឌលគិរី ក្នុងនោះ ១ លង់ទឹកស្លាប់ដោយសារជើងជាប់នឹងល្បាក់ថ្ម និងមួយទៀតកើតមកមិនមានសុខ ភាពល្អ បានស្លាប់ទៅវិញក្រោយក្រុមមន្ត្រីជួយសង្គ្រោះ។
សូមជម្រាបថា តាមលទ្ធផលពីការបំពាក់ម៉ាស៊ីថតស្វ័យប្រវត្តិនៅក្នុងឧទ្យានជាតិជូរភ្នំក្រវាញខាងត្បូងថ្មីៗនេះ ក្នុងចំណោមកូនដំរី ៧ ក្បាលមាន ៤ក្បាលដែលមានអន្ទាក់នៅជាប់នឹងជើងរបស់ពួកវា ហើយក៏មានកូនដំរីព្រៃមួយក្បាលដែរដែលបានស្លាប់ដោយជាប់អន្ទាក់។ ភស្តុតាងនេះបានបញ្ជាក់ថាការប្រើប្រាស់អន្ទាក់សម្រាប់ចាប់សត្វព្រៃ នៅក្នុងតំបន់ការពារធម្មជាតិក្នុងប្រទេសកម្ពុជានៅតែជាក្តីព្រួយបារម្ភដ៏ចម្បងនៅឡើយ ហើយក៏ជាគ្រោះថ្នាក់ដល់សត្វដំរីអាស៊ីផង ព្រោះវាអាចបណ្តាលឱ្យសត្វដំរីរងរបួស និងស្លាប់បាន។
យោងតាមការប៉ាន់ស្មាន ផែនការសកម្មភាពរយៈពេល ១០ឆ្នាំ ដើម្បីអភិរក្សសត្វដំរីព្រៃអាស៊ីនេះ ត្រូវការថវិកាចំនួន៤០,៥លានដុល្លារសហរដ្ឋអាមេរិកដែលជាគម្រោងថវិការំពឹងថានឹថបានមកពីប្រភពរួមបញ្ចូលគ្នាទាំងកញ្ចប់ថវិការាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា៕