ខេត្តព្រះសីហនុ ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន ជី.ធី.វី.ស៊ី ស្ពីដបូតកម្ពុជា (G.T.V.C, Speed Boat Cambodia) បាននាំយកសត្វអណ្តើកធំមួយក្បាល និង កូនអណ្តើកចំនួន ០៣ក្បាលទៀត យកទៅលែង ឲ្យរដនៅតំបន់ធម្មជាតិ ក្នុងបរិវេណ ម៉ាហ្វីយ៉ា រីស៊ត នៃឆ្នេរឋានសួគ៌ សង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ។
លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា សត្វអណ្តើកខាងលើនេះ រូបលោក ទទួលបានពីស្ត្រីជនជាតិរុស្សីម្នាក់ បានស្ម័គ្រចិត្តនាំយកមកប្រគល់ជូន ដើម្បីធ្វើការអភិរក្ស ឬយកទៅលែងឲ្យរស់នៅតាមបែបធម្មជាតិវិញ នៅទីតាំងកម្សាន្ត ម៉ាហ្វីយ៉ា រីស៊ត នៃឆ្នេរឋានសួគ៌ មានទីតាំងក្នុងសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
លោកឧកញ៉ា ទៀ វិចិត្រ បន្តថា ការ ដែលស្រ្តីជនជាតិរុស្សី ប្រគល់សត្វអណ្តើកយក្សខាងលើនេះ មករូបលោក ក៏ដោយសារតែ រូបនាងត្រូវវិលត្រឡប់ ទៅរស់នៅប្រទេសកំណើត របស់ខ្លួនវិញ ក្នុងពេលឆាប់ៗនេះ។
ស្រ្តីជនជាតិរុស្សី បានឲ្យដឹងដែរថាការនាំយកសត្វទាំងនេះ មកជូនលោកឧកញ៉ា ទៀ វិចិត្រ ក៏ដោយសារកន្លងមក រូបនាងបានឃើញសកម្មភាព របស់ លោក ឧកញ៉ា ទៀ វិចិត្រ ស្រឡាញ់សត្វ និងនាំសត្វព្រៃជាច្រើនប្រភេទ យកទៅលែង ឲ្យរស់នៅក្នុងព្រៃធម្មជាតិ ជាបន្តបន្ទាប់។
នាឱកាសនោះដែរ លោកឧកញ៉ា ទៀ វិចិត្រ គឺក្រៅពីបានថ្លែងអំណរគុណដល់ ស្ត្រីជនជាតិរុស្សី ដែលនាំយកសត្វខាងលើនេះ មកឲ្បលោកលែង ឲ្យរស់នៅតាមធម្មជាតិវិញ គឺ លោកឧកញ៉ា ក៏បានអំពាវនាវឲ្យ ប្រជាពលរដ្ឋគ្រប់សហគមន៍ ឲ្យចូលរួមជួយថែរក្សាការពារសត្វព្រៃឬសត្វកម្រគ្រប់ប្រភេទ ឲ្យបានទាំងអស់គ្នា តាមរយៈកុំប្រមាញ់ កុំសម្លាប់ និងបរិភោគអាហារ ដែលចំអិនពីសាច់សត្វព្រៃជាថើម៕ ដោយ ៖ មនោរាហ៍