ឯកឧត្តម ផៃ ស៊ីផាន មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់តាមរយៈ facebook page ផ្លូវការរបស់លោកនៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយអះអាងថា មិនមានករណីគណៈរដ្ឋមន្ត្រីចេញលិខិតផ្ញើទៅព្រះបរមរាជវាំង ដើម្បីស្នើសុំការបិទទីក្រុងភ្នំពេញ ដូចពាក្យចចាមអារាមនោះទេ។
ប្រតិកម្មរបស់ឯកឧត្តម បានធ្វើឡើងនៅបន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានជាសំឡេងពាក់ព័ន្ធនឹងការបិទទីក្រុងភ្នំពេញ ដោយប្រឌិតថា មានលិខិតចេញពីគណ:រដ្ឋមន្ត្រីចូលទៅព្រះបរមរាជវាំងដើម្បីសុំព្រះរាជានុញ្ញាតពីព្រះមហាក្សត្រក្នុងការបិទទីក្រុងភ្នំពេញ ដោយសារបញ្ហាកូវីដ១៩។
ឯកឧត្តម ផៃ ស៊ីផាន បានស្នើដល់សមត្ថកិច្ចប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ត្រូវចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីរក្សាសណ្ដាប់ធ្នាប់ និងសន្តិសុខជាតិ។ ជាមួយនេះ ឯកឧត្តមក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ សូមរក្សាភាពស្ងប់ស្ងៀមកុំចាញ់បោកការឃោសនាអកុសលឲ្យសោះ៕