ករណីកូវីដ-១៩ ៖ ថ្ងៃនេះ កម្ពុជាមិនមានអ្នកឆ្លងថ្មីទេ ហើយអ្នកជំងឺ១៣នាក់ក៏មិនទាន់ជាសះស្បើយដែរ

ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាននៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នេះថា នៅកម្ពុជា មិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីនោះទេ ​ហើយក៏មិនមានករណីព្យាបាលជាសះស្បើយដែរ ខណៈអ្នកកំពុងសម្រាកព្យាបាលនៅសល់ ១៣នាក់ដដែល។

ដោយឡែកសម្រាប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញ អ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ ០៣វិច្ឆិកា ចំនួន៨៨នាក់ថែមទៀត ត្រូវបានធ្វើតេស្ត ដោយលទ្ធបង្ហាញថា អវិជ្ជមានកូវីដ១៩ទាំងអស់។

គិតពីថ្ងៃទី០៤-១១ ខែវិច្ឆិកា ឆ្នាំ២០២០ សរុបចំនួនតេស្តដែលបានធ្វើការវិភាគមាន ២៤៩៧វត្ថុសំណាក (ក្នុងចំនួននេះអ្នកដែលបានធ្វើតេស្តលើកទី១ ចំនួន១៦៨០នាក់ និងលើកទី២ បានចំនួន៨១៧នាក់) ដោយលទ្ធផលវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបង្ហាញថា មានវិជ្ជមាន៤ នាក់ ដែលកំពុងសម្រាកព្យាបាល មកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ រីឯអ្នកមានលទ្ធផលអវិជ្ជមានកូវីដ១៩ ចំនួន១៦៧៦នាក់។

សូមជម្រាបថា គិតត្រឹមម៉ោង ០៧៖០០នាទី ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅកម្ពុជាមានរកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប៣០១នាក់ (ស្ត្រី៦១នាក់ និងបុរស២៤០នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេសមានចំនួន២៨៨ នាក់ (ស្មើនឹង ៩៦.០០% ធៀប នឹងចំនួនអ្នកមានវីរុសកូវីដ-១៩ទាំងអស់) និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញចំនួន១៣នាក់៕