នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានលើកឡើងពីតួនាទីដ៏សំខាន់នៃបច្ចេកវិទ្យា និងការច្នៃប្រឌិតក្នុងការពង្រឹងកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញនៃជំងឺ COVID-១៩ នៅឯកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២០ ដែលជាផ្នែកមួយនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៧ ។ នៅក្នុងសារជាវីដេអូ លោក ប្រាយុទ្ធ បានសង្កត់ធ្ងន់ទៅលើសារសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចរួម ក៏ដូចជាគាំទ្រដល់គោលបំណងស្នូលរបស់អាស៊ាន ឆ្ពោះទៅរកការបង្រួមគម្លាតនៃការអភិវឌ្ឍននិងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ។
លោក ប្រាយុទ្ធ បានស្នើគំនិតថ្មីចំនួន ៣ សម្រាប់កិច្ចប្រជុំកំពូលនេះ។ ទី១ គឺការជម្រុញ គំរូសេដ្ឋកិច្ចថ្មី ដែលស្វែងរកឱ្យមានតុល្យភាពរវាងកំណើនសេដ្ឋកិច្ច ការរីកចម្រើនខាងបច្ចេកវិទ្យា សមភាពសង្គម និងនិរន្តរភាពបរិស្ថាន។ ទី២ ស្វែងយល់ពី ក្បាលម៉ាស៊ីនថ្មីនៃកំណើន ដោយប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការច្នៃប្រឌិត ដើម្បីបង្កើនភាពរឹងមាំដល់សេដ្ឋកិច្ចអាស៊ាន ក៏ដូចជាពង្រឹងសមត្ថភាពសហគ្រាសធុនតូចនិងមធ្យមនៅអាស៊ាន និងការអភិវឌ្ឍទីតាំងហិរញ្ញវត្ថុដើម្បីគាំទ្រពួកគេ។ ជាចុងក្រោយលោក ប្រាយុទ្ធ បាននិយាយថា ការកសាងប្រព័ន្ធអេកូសេដ្ឋកិច្ចថ្មី តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដែលអាចចូលដំណើរការបានទាំងអាជីវកម្មខ្នាតតូច និងបុគ្គលក៏ដូចជាការជំរុញការតភ្ជាប់ពាណិជ្ជកម្មឌីជី ថលដ៏ទូលំទូលាយ ដើម្បីគាំទ្រដល់ការធ្វើសមាហរណកម្មឌីជីថលពេញលេញឲ្យក្លាយជា អាស៊ាន បែបឌីជីថល ។
កិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលរៀបចំឡើងដោយក្រុមប្រឹក្សាផ្តល់យោបល់ធុរកិច្ចអាស៊ាន (ASEAN-BAC) នៅខាងក្រៅនៃកិច្ចប្រជុំកំពូលអាស៊ាន ដែលជាវេទិកាសម្រាប់ការសន្ទនារវាងមេដឹកនាំមកពីបណ្តាប្រទេសអាស៊ាន ដៃគូសន្ទនា និងផ្នែកធុរកិច្ចនៅលើផ្លូវឆ្ពោះទៅមុខ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនៅអាស៊ាន។ ប្រទេសវៀតណាម ធ្វើជាប្រធានកិច្ចប្រជុំកំពូលអាស៊ាន នៅឆ្នាំ២០២០នេះ៕