ខេត្តត្បូងឃ្មុំ ៖ ហ្វូងផ្សោតត្រូវបានគេសង្កេតឃើញសម្បូរមានតែនៅក្នុងខេត្តក្រចេះ មួយ ប៉ុណ្ណោះ តែគួរឲ្យសោកស្ដាយដោយផ្សោតមួយក្បាលងាប់ហើមអណ្តែតមានក្លិនស្អុយបានរសាត់តាមខ្សែទឹកគោទន្លេមេគង្គ ហើយត្រូវបានបងប្អូនខ្មែរអ៊ីស្លាមប្រទះឃើញ និងលើកដាក់លើក្បាលទូកបើកយកមករក្សាទុកនៅច្រាំងទន្លេ នៅវេលាម៉ោង ៦ និង ៣០ នាទីព្រឹកថ្ងៃទី១៤ វិច្ឆិកា ២០២០ នៅភូមិទី៦ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ហើយត្រូវបានលោក សយ ទូច អភិបាលស្រុកក្រូចឆ្មារ ចុះទៅពិនិត្យដោយផ្ទាល់ និងបានណែនាំឲ្យអ្នកនេសាទ ដែលប្រទះឃើញផ្សោតនេះ យករក្សាទុកឲ្យបានត្រឹម ដើម្បីរង់ចាំក្រុមអភិរក្សផ្សោតមកទទួលយកទៅខេត្តក្រចេះ វិញ។
នគរបាលមូលដ្ឋានប្រាប់ឲ្យដឹងថា: បុរសខ្មែរឥស្លាមឈ្មោះសុះ ទូលាស់ អាយុជាង៤០ឆ្នាំ រស់នៅភូមិទី៦ បានបើកទូកម៉ាស៊ីនរបស់ខ្លួនមួយគ្រឿងត្រឡប់មកពីរាយមកវិញសំដៅមកកាន់ផ្ទះរបស់ខ្លួន។តែពុំទាន់នឹងដល់ផងក៏ឃើញសត្វមួយក្បាលអណ្តែតផ្លឹមៗផុសចេញពីទឹកទន្លេ ដំបូងនឹកស្មានតែខ្មោចឆ្កែ លុះពេលជិះទៅមើលទើបដឹងថាផ្សោត ដែលស្លាប់ហើមបណ្ដែត១ក្បាល។ ហើយនៅលើខ្លួនផ្សោតនោះមិនមានអ្វីរងរបួសគួរឱ្យចាប់អារម្មណ៍នោះទេ។
នគរបាលមូលដ្ឋានបានប្រាប់បន្តថា នោះពេលលើកផ្សោតដាក់នៅក្បាលទូក បើកមកដល់ច្រាំងទន្លេក៏បានរាយការណ៍មកកម្លាំងប៉ុស្តិ៍រការខ្នុរ និងបានចុះទៅត្រួតពិនិត្យមើល។ចំណែកលោកអភិបាលស្រុកក្រូចឆ្មារ ដោយមានការយកចិត្តទុកដាក់ ក៏មានវត្តមាននៅទីនោះដែរ។ព្រមទាំងបានណែនាំឱ្យអ្នកនេសាទរូបនោះ យកផ្សោតដែលស្លាប់នោះដាក់ក្លាស្សេទឹកកកឱ្យបានត្រឹមត្រូវដោយរង់ចាំអង្គការអភិរក្សសត្វផ្សោត(WWF) នៅខេត្តក្រចេះមកទទួលយក។ ហើយសមត្ថកិច្ចក៏សូមកោតសរសើរដល់ប្រជាពលរដ្ឋដែលមានការយល់ដឹង ដោយឃើញផ្សោតចេះចាប់យកមករក្សាទុកដើម្បីប្រគល់ឲ្យស្ថាប័នជំនាញ។
គួររំលឹកថា លោកសយ ទូច អភិបាលស្រុកក្រូចឆ្មារ ប្រាប់ឲ្យដឹងថា: ផ្សោតមួយក្បាលដែលស្លាប់នៅមាត់ច្រាំងទន្លេត្រង់ចំណុចភូមិទី៦ ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ កាលពីរសៀលថ្ងៃទី៧ វិច្ឆិកា ២០២០ កន្លងទៅមិនដឹងថាញីឬឈ្មោលនោះទេ ត្រូវបានប្រជាពលរដ្ឋរស់នៅមូលដ្ឋានប្រទះឃើញហើយក៏រាយការណ៍មកសមត្ថកិច្ចឲ្យបានដឹងនឹងចុះទៅពិនិត្យមើលឃើញថាពិតជាផ្សោតមួយក្បាលបានស្លាប់មែន។តាមការសន្និដ្ឋានផ្សោតនេះអាចត្រូវជាប់មករបស់អ្នកនេសាទនៅតាមដងទន្លេមេគង្គ ជាហេតុបណ្ដាលអោយអស់រំអិលហើយថប់ដង្ហើមទើបបណ្ដាលឲ្យស្លាប់យ៉ាងដូច្នេះ។តាមការប៉ានស្មានផ្សោតនេះមានទម្ងន់ប្រហែល៧០ គីឡូក្រាម ជាមួយនោះក៏បានទាក់ទងទៅជំនាញខណ្ឌរដ្ឋបាលជលផលខេត្ត ព្រមទាំងអង្គការអភិរក្សសត្វផ្សោតនៅខេត្តក្រចេះឱ្យបានដឹងទៀតផង។
លោកសយ ទូច អភិបាលស្រុកក្រូចឆ្មារបានរំឭកថា ក្នុងអំឡុងឆ្នាំ ១៩៨០ជាងនៅក្រោយសាលាស្រុកក្រូចឆ្មាជាប់នឹងមាត់ទន្លេដែលមានសំបូរទៅដោយកោះផងនោះគឺជារាយតែតែឃើញហ្វូងផ្សោតហែលដេញចាប់ត្រីធ្វើជាចំណីតែក្រោយមកទៀតកចេះតែខ្សត់ទៅនោះពេលដែលឃើញម្ដងក៏ស្លាប់ដូចខាងលើ។ អភិបាលស្រុកបន្ថែមថានៅលើពិភពលោកផ្សោតកាន់តែខិតជិតអស់ពូជ គឺមានតែនៅក្នុងខេត្តក្រចេះ ប្រទេសកម្ពុជាតែមួយប៉ុណ្ណោះដែលសំបូរហើយត្រូវបានយកចិត្តទុកដាក់ធ្វើការអភិរក្សទៀតផង៕