រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត

ខេត្តស្ទឹងត្រែង ៖ នាព្រឹកថ្ងៃ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង និង ឯកឧត្តម មុំ សារឿន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុម ប្រឹក្សាខេត្ត ស្ថិតនៅបរិវេណខាងមុខ សាលាខេត្តស្ទឹងត្រែង ។

ពិធីនេះមានការអញ្ជើញចូលរួមមានពី ឯកឧត្តមលោកជំទាវ សមាជិកាក្រុមប្រឹក្សាខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធនានាក្នុងខេត្ត តំណាងកងកម្លាំងទាំង៣ ក្រុមប្រឹក្សាក្រុងស្ទឹងត្រែង លោក នាយកទីចាត់ការ និងប្រធាន អង្គភាពនានាចំណុះសាលាខេត្ត មន្រ្តីសាលាខេត្ត សាលាក្រុង ចៅសង្កាត់ មេភូមិ និងបងប្អូនប្រជាពលរដ្ឋសរុបចំនួន ជិត៣០០ នាក់។

មានប្រសាសន៍ក្នុងវេទិការនោះ ឯកឧត្តម មុំ សារឿនក៏បានថ្លែងអំណរគុណចំពោះវត្តមានឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ សមាជិក សមាជិការនៃអង្គវេទិការ និងប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមក្នុងវេទិកានេះ ពិតជាបានបង្ហាញឲ្យឃើញពីការប្តេជ្ញាចិត្តចូលរួមសហការយ៉ាងខ្លាំងក្លានៅក្នុងដំណើរការ នៃការគាំទ្រ និងជំរុញការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ស្របតាមក្របខ័ណ្ឌ យុទ្ធសាស្ត្រ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឲ្យកាន់តែទទួលបានលទ្ធផលជោគជ័យថ្មីៗថែមទៀត បម្រើឱ្យសេចក្តីត្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ឯកឧត្តម មុំ សារឿន អភិបាលខេត្តស្ទឹងត្រែង បានបន្ថែមថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត បានផ្តល់ឱកាសដល់ក្រុមប្រឹក្សាគ្រប់ថ្នាក់ អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់អាចចូលរួមក្នុងការផ្តល់មតិយោបល់ចំពោះការអភិវឌ្ឍមូលដ្ឋាន សមិទ្ធផល បញ្ហាប្រឈម និងទិសដៅអនុវត្តនាពេលខាងមុខរបស់រដ្ឋបាលខេត្ត ផ្តល់នូវអនុសាសន៍ និងសំណូមពរនានា សម្រាប់ការពិភាក្សា និងតាមរយ:ការឆ្លើយតបបានទាន់ពេលវេលាពីស្ថាប័នជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីឈានទៅធ្វើការកែលម្អ និងដោះស្រាយឲ្យកាន់តែល្អប្រសើរស្របទៅនឹងតម្រូវការជាអាទិភាព និងការកាត់បន្ថយភាពក្រីក្រ។

ជាមួយនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានឆ្លើយបំភ្លឺ និងដោះស្រាយនូវសំណូមពរមួយចំនួនដែលបានលើកឡើងដោយប្រជាពលរដ្ឋនៅក្នុងអង្គវេទិកា រួមមានការស្នើសុំអោយ ជួយដោះស្រាយបញ្ហាប្រឈមនានាដែលកន្លងមក បងប្អូនប្រជាពលរដ្ឋយើង ជួបនូវការលំបាក ជាដើម។

សូមបញ្ជាក់ជូនថា៖ អង្គវេទិកានេះបានផ្តោតសំខាន់ទៅលើចំណុចសំខាន់ៗមួយចំនួន ដូចជា ៖

– ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព (បញ្ហាគ្រឿងញៀន ចរាចរណ៍)

-ការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ

-ការរៀបចំសណ្តាប់ធ្នាប់សាធារណ: និងការកសាងហេដ្ឋារចនាសម្ព័ន្ធ

-ការធ្វើអត្តសញ្ញាណប័ណ្ណ ការងារអត្រានុកូលដ្ឋាន បរិស្ថានអនាម័យ បទល្មើសនេសាទ និងទំនាស់ដីធ្លី៕ ដោយ ៖ ទេព ប៊ុនថា