ចំនួនអ្នកស្លាប់ដោយព្យុះទីហ្វុងវាំកូ នៅក្នុងប្រទេសហ្វីលីពីនកើនឡើងដល់ ៦៧នាក់

ទូកឆ្មាំឆ្នេរសមុទ្រហ្វីលីពីនមួយគ្រឿង បានជួយសង្គ្រោះអ្នកនៅរស់រានមានជីវិត ពីព្យុះទីហ្វុងវាំកូ កាន់កន្លែងមានសុវត្ថិភាព។
ចំណែកទូកសង្រ្គោះមួយគ្រឿងទៀត បានដឹកសាកសពអ្នកស្លាប់ ដោយសារព្យុះ ដែលបានវាយប្រហារខ្លាំងបំផុត នៅប្រទេសហ្វីលីពីនក្នុងឆ្នាំនេះ។ ក្រុមមន្រ្តីនិយាយថា ចំនួនអ្នកស្លាប់ដោយសារព្យុះវាំកូ បានកើនឡើងដល់ ៦៧ នាក់ ដោយតំបន់ជាច្រើននៅតែជន់លិច នៅតំបន់ភាគខាងជើងនៃកោះលូហ្សុន ដែលរងការវាយប្រហារដោយសារទឹកជំនន់ដ៏អាក្រក់បំផុត ក្នុងរយៈពេលជាងបួនទសវត្សរ៍កន្លងមកនេះ។

ព្យុះស៊ីក្លូនចំនួន ៦ បានវាយប្រហារទៅលើប្រទេសហ្វីលីពីន ក្នុងរយៈពេលតែ ៤ សប្តាហ៍ប៉ុណ្ណោះ ក្នុងនោះរួមមានទាំងព្យុះវាំកូ និងព្យុះហ្គូនី ដែលមានឥទ្ធិពលបំផុតនៅលើពិភពលោក ក្នុងឆ្នាំនេះ។
លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ បានធ្វើដំណោះរទៅកាន់ខេត្ត ទូហ្គឺសហ្គារ៉ាវ ដើម្បីវាយតម្លៃពីស្ថានភាពនៅតំបន់ជ្រលងភ្នំ ខាហ្គាយ៉ាន ដែលមានអ្នកស្លាប់ចំនួន២២នាក់ ហើយកំពុងមានទឹកជំនន់ធ្ងន់ធ្ងរ។ ក្នុងអំឡុងពេលសន្និសីទកាសែតមួយ អភិបាលក្រុង ខាហ្គាយ៉ាន ម៉ាញ៉ូអែល មាំបា បាននិយាយថា នេះគឺជាទឹកជំនន់ដ៏អាក្រក់បំផុត ក្នុងរយៈពេល ៤៥ ឆ្នាំចុងក្រោយនេះ ហើយយើងសង្កេតឃើញថាស្ថានភាពព្យុះកាន់តែអាក្រក់ទៅ ៗ ជារៀងរាល់ឆ្នាំ៕