នាយករដ្ឋមន្ត្រីឡាវ ថ្លែងអំណរគុណកម្ពុជា ដែលផ្តល់បរិក្ខារវេជ្ជសាស្ត្រ សម្រាប់ទប់ស្កាត់ជំងឺកូវីដ-១៩

លោក ថងលុន ស៊ីសូលីត នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានថ្លែងជួសមុខឱ្យរដ្ឋាភិបាល និងប្រជាជនឡាវ នូវសេចក្ដីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសប្បុរសធម៌របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់អំណោយសម្ភារបរិក្ខារវេជ្ជសាស្ត្រ សម្រាប់បង្ការទប់ស្កាត់ការរីរាលដាលនៃជំងឺកូវីដ-១៩។

គួរបញ្ជាក់ដែរថា អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាលឡាវរួមមាន ម៉ាស់ ចំនួន២លាន ម៉ាស់ក្រណាត់ចំនួន ២០ម៉ឺន ម៉ាស់ N95 ចំនួន២ម៉ឺន វែនតាសុវត្ថិភាព ចំនួន២ម៉ឺន សម្លៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន២ម៉ឺនឈុត ម៉ាស៊ីនវាស់កម្ដៅ ចំនួន៥០០ របាំងមុខចំនួន២ម៉ឺន ឧបករណ៍ជំនួយការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន២០ ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន២០ ម្សៅថ្នាំក្លរ៉ាមីនប្រភេទB ៥០០កេស ស្បែកជើងកវែងសុវត្ថិភាព ១ពាន់គូ និងសាប៊ូលាងដៃ ២ពាន់គូផងដែរ៕