នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ អាជ្ញាធរមីន បានប្រគល់ដីបោសសម្អាត គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះរួចរាល់ចំនួន ៦៨៧.៧០៦ម៉ែត្រការ៉េ ស្ថិតនៅភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ទៅឱ្យប្រជាពលរដ្ឋប្រើប្រាស់វិញ។ ដែល សកម្មភាពបោសសម្អាតមីននៅលើផ្ទៃដីនេះ ធ្វើឡើងដោយមានការជួយឧបត្ថម្ភថវិកា ពីប្រទេសចិន។
ឯកឧត្តម ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីន បានមានប្រសាសន៍ថា បញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម គឺបានបន្សល់ទុកក្នុងដីនៃតំបន់មួយចំនួន ដែលអូសបន្លាយ អស់រយៈពេលជាយូរឆ្នាំ។ ប៉ុន្តែចាប់ពីឆ្នាំ១៩៩៨មក សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសមានសន្តិភាព និងបានកែប្រែតំបន់ទាំងនោះ ជាបន្តបន្ទាប់ឱ្យមកជាកន្លែងដែលមានលំនៅឋានប្រជាពលរដ្ឋ ជាដីដែលប្រជាពលរដ្ឋធ្វើស្រែ ចម្ការនិងចិញ្ចឹមសត្វ បន្ទាប់ពីការបោសសំអាតមីននៅក្នុងដីនោះរួចរាល់។ លើសពីនេះ ក៏បានជួយកាត់បន្ថយគ្រោះថ្នាក់ដោយមីននិងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។
ឯកឧត្តមបន្តថា នៅថ្ងៃនេះផ្ទៃដីចំនួន៦៨៧៧០៦ម៉ែត្រការ៉េ នៅក្នុងស្រុកបន្ទាយស្រី ត្រូវបានធ្វើការបោសសំអាតគ្រាប់មីនរួច និងបានប្រគល់ទៅឱ្យប្រជាពលរដ្ឋប្រើប្រាស់ អាស្រ័យផលវិញ ដែលក្នុងនោះមានដីជាប្រភេទស្រែចម្ការ លំនៅឋាន ផ្លូវ។ ដោយនៅក្នុង សកម្មភាពបោសសំអាតកន្លងមកនេះ បានរកឃើញគ្រាប់មីនប្រឆាំងថ្មើជើងចំនួន៥៩គ្រាប់ មីនប្រឆាំងគ្រឿងចក្រចំនួន០៤គ្រាប់ និងគ្រាប់មិនទាន់ផ្ទុះមានចំនួន៩៩គ្រាប់។ នៅសល់ផ្ទៃ ដែលរងការគំរាមកំហែងដោយគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួនជាង ៣លានម៉ែត្រការរ៉េទៀត ដែលដោះស្រាយបន្ត។
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឱ្យដឹងដែរថា ប្រជាពលរដ្ឋនៅភូមិត្រពាំងថ្មនេះ គឺមានជីវភាពខ្វះខាតជាងគេដោយសារ តែនៅតំបន់នេះផ្ទៃដីបង្កបង្កើនផលរបស់គាត់រងការគំរាមកំហែងដោយសារគ្រាប់មីនច្រើន។ លោកបន្តថា បន្ទាប់ពីអាជ្ញាធរមីនធ្វើការដោះស្រាយបញ្ហាមីននៅតំបន់នេះរួចរាល់ លោកនឹងជួយជំរុញប្រជាពលរដ្ឋឱ្យខិតខំធ្វើស្រែចម្ការ និងដាក់ទិសដៅទេសចរឱ្យមកកម្សាន្ត តំបន់នេះឱ្យបានច្រើន តាមរយៈទេសចរបោះតង់ទេសចរផ្សេងព្រង និងទេសចរឡើង ភ្នំជាដើម។ លោករំពឹងថា តាមរយៈសកម្មភាពនេះនិងធ្វើឱ្យជីវភាពពួកគាត់ និងល្អប្រសើរជាងមុន។
លោក Liu Zhijie អគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប បានមានប្រសាសន៍ថា អង្គការPleace Land Foundation គឺជាអង្គការក្រៅរដ្ឋាភិបាលមួយ នៅសាធារណរដ្ឋប្រជាមានិតចិន។ ពួកគេបានធ្វើការងារយ៉ាងសកម្មក្នុងការប្រមូលរកមូលនិធិ ដើម្បីជួយគាំទ្រក្នុងវិស័យមីន ដូចដែលបានឃើញជាលទ្ធផលនៅស្រុកបន្ទាយស្រីនេះ គឺដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍមូលដ្ឋានជនបទ ធ្វើឱ្យជីវភាពប្រជា ពលរដ្ឋកាន់តែប្រសើរឡើង។
លោកបានលើកឡើងថា កម្ពុជា-ចិន គឺជាអ្នកជិតខាង ជាដៃគូដ៏ល្អនិងស្មោះត្រង់ អាចថា ជាចំណងសម្ព័ន្ធមេត្រីភាព(បងប្អូនបង្កើត)រួមវាសនាតែមួយនៅក្នុងតំបន់៕ ប្រភព ៖ akp