ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានប្រកាសជ្រើសរើសក្របខណ្ឌគ្រូបង្រៀនចំនួន ៣៦០០កន្លែង សម្រាប់ឆ្នាំ២០២១ ដើម្បីបំពេញតម្រូវការនៅតាមអង្គភាពគ្រឹះស្ថានសិក្សាចំណេះទូទៅ គ្រឹះស្ថានអប់រំបច្ចេកទេស និងគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ។
ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ បានឲ្យដឹងថា រាជរដ្ឋាភិបាលបានផ្តល់ក្របខណ្ឌចំនួន ៣ ៦០០កន្លែង ដល់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ធ្វើការប្រឡងជ្រើសរើស និងបណ្តុះបណ្តាលគ្រូបង្រៀន ឆ្នាំ២០២១។
ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចបែងចែកក្របខណ្ឌទាំងនោះ ទៅតាមផ្នែកនីមួយៗ ដូចជា ៖ ១. ក្របខណ្ឌគ្រូបង្រៀនមត្តេយ្យសិក្សាចំនួន២០០កន្លែង, ២. ក្របខណ្ឌគ្រូបង្រៀនកម្រិតបឋមសិក្សាចំនួន១៥៥០កន្លែង, ៣. ក្របខ័ណ្ឌគ្រូបង្រៀនកម្រិតមូលដ្ឋានចំនួន ៥០០កន្លែង, ៤. ក្របខ័ណ្ឌគ្រូបង្រៀនកម្រិតមូលដ្ឋានអប់រំកាយ និងកីឡាចំនួន ១៥០ កន្លែង, ៥. ក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម ដែលបង្រៀននៅវិទ្យាល័យចំនួន ១១០០កន្លែង, ៦.ក្របខណ្ឌគ្រូបង្រៀនកម្រិតឧត្តមបង្រៀននៅគ្រឹះស្ថានឧត្តមសិក្សាសាធារណៈចំនួន ៨៥កន្លែង និង ៧. វិទ្យាស្ថានអប់រំពិសេសចំនួន ១៥កន្លែង (ក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាលមន្ត្រីក្រមការ និងមន្ត្រីលេខាធិការ)។
សូមបញ្ជាក់ថា ក្នុងវិស័យអប់រំនៅឆ្នាំ២០២១ រាជរដ្ឋាភិបាល បានសម្រេចអនុញ្ញាតឲ្យជ្រើសរើសមន្ត្រីក្របខណ្ឌបម្រើការងារនៅតាមក្រសួង ស្ថាប័ននានា ចំនួន ៦ ១០៦នាក់ ក្នុងនោះក្រសួងចំនួនពីរ ត្រូវការច្រើនជាងគេ រួមមាន ៖ ក្រសួងសុខាភិបាល ត្រូវការចំនួន ១ ៣០០នាក់ និងក្រសួងអប់រំ យុវជន និងកីឡា ត្រូវការចំនួន ៣ ៦០០នាក់៕