ក្រសួងអប់រំយុវជន និង កីឡា បានកំណត់ឆ្នាំសិក្សា២០២០ និង២០២១ នេះ នឹងត្រូវចាប់ផ្ដើមនៅថ្ងៃទី១១ ខែមករា ហើយបញ្ចប់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ខាងមុខ។
យោងតាមសេចក្តីណែនាំ ស្ដីពីដំណើរការគ្រឹះស្ថានមធ្យមសិក្សា ចំណេះទូទៅសាធារណៈ ឆ្នាំសិក្សា២០២០-២០២១ ដែលទើបទទួលនៅថ្ងៃនេះ បានឲ្យដឹងថា សម្រាប់ឆ្នាំសិក្សា២០២០និង២០២១នេះ នឹងត្រូវចាប់ផ្ដើមនៅថ្ងៃទី១១ ខែមករា នឹងត្រូវបញ្ចប់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ដោយកំណត់យកថ្ងៃបើកបវេសនកាលប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ និងវិស្សមកាលប្រព្រឹត្តទៅពីរដង ក្នុងមួយឆ្នាំសិក្សា គឺវិស្សមកាលតូចពីថ្ងៃទី៦ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ និងមហាវិស្សមកាលពីថ្ងៃទី០១ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។
គួរជម្រាបថា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹងមួយស្ដីពីការអនុញ្ញាតឱ្យដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្ដាល ព្រមទាំងការហាត់ប្រាណ និងលេងកីឡានៅក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក។ សេចក្តីជូនដំណឹងនេះត្រូវបានធ្វើឡើងបន្ទាប់ពីព្រឹត្តិការណ៏ ០៣ វិច្ឆិកា ត្រូវបានបញ្ចប់ ដែលព្រឹត្តិការណ៏នេះបានបង្ខំចិត្តឲ្យរាជរដ្ឋាភិបាលបិទដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្ដាលចាប់តាំងពីថ្ងៃទី០៣ វិច្ឆិកាកន្លងមក។ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននឹងបើកដំណើរការឡើងរិញចាប់ពីថ្ងៃទី២៣ វិច្ឆិកា ២០២០ តទៅ៕