បើយោងតាមរបាយការណ៍ថ្មីមួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបង្ហាញឱ្យដឹងថា ចំនួននិស្សិតដែលបានសិក្សានៅក្នុងមហាវិទ្យាល័យ និងសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក ដែលបានកើនឡើងខ្ពស់នៅឆ្នាំ ២០១៩-២០២០ ដោយមានកំណើន ៨,៣ភាគរយ លើសឆ្នាំលើសឆ្នាំមុន ក្នុងនោះនិស្សិតកម្ពុជាសិក្សាក្នុងឆ្នាំ ២០២០ មានចំនួន ៧៤២ នាក់ បើប្រៀបធៀបជាមួយឆ្នាំ២០១៨-២០១៩ គឺមានការកើនឡើង។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា។ នេះជារបាយការណ៍ Open Doors ដែលបានចេញផ្សាយប្រចាំឆ្នាំដោយវិទ្យាស្ថានអប់រំអន្តរជាតិ ដោយសហការជាមួយការិយាល័យកិច្ចការអប់រំ និងវប្បធម៌ នៃក្រសួងការបរទេសសហរដ្ឋអាមេរិក។
បើយោងតាមរបាយការណ៍ Open Doors ឆ្នាំ ២០២០ ស្តីពីការផ្លាស់ប្តូរផ្នែកសិក្សាអប់រំអន្តរជាតិ បានបង្ហាញឱ្យឃើញថា និស្សិតកម្ពុជាចំនួន ៧៤២ នាក់បានរៀននៅក្នុងមហាវិទ្យាល័យ និងសាកលវិទ្យាល័យ ក្នុងសហរដ្ឋអាមេរិក ដែលជាកំណើនលើសឆ្នាំ ២០១៨-២០១៩ ដែលមានចំនួន ៦៨៥ នាក់។ ចំនួននេះ បន្តនិន្នាការ វិជ្ជមាន ដែលមាននៅក្នុងរយៈពេល ៦ ឆ្នាំកន្លងមកនេះ។
ឯកឧត្ដម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “នេះជាព័ត៌មានដ៏ប្រពៃ និងគួរឱ្យលើកទឹកចិត្ត។ យើងក៏រីករាយផងដែរ ដែលនិស្សិតកម្ពុជាមើលឃើញពីតម្លៃពិតប្រាកដនៃផ្នែកឧត្តមសិក្សារបស់អាម៉េរិក ហើយការមាននិស្សិតខ្មែរសិក្សានៅក្នុងសហរដ្ឋអាមេរិក គឺជាការល្អសម្រាប់ប្រទេសយើងទាំងពីរ ហើយវាពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនរបស់យើង”។ ឯកឧត្ដមឯកអគ្គរដ្ឋទូតបានបន្ដថា សហរដ្ឋអាមេរិកគឺជាគោលដៅទី១ នៅក្នុងពិភពលោក សម្រាប់និស្សិតអន្តរជាតិ ដោយមាននិស្សិតអន្តរជាតិចំនួនជាង ១ លាននាក់ នៅឆ្នាំ ២០១៩ – ២០២០៕