នៅខែមករា ដើមឆ្នាំក្រោយ រដ្ឋបាលក្រសួងសាធារណការ និងដឹកជញ្ជូន នឹងប្តូរទីស្នាក់ការទៅកាន់ទីតាំងថ្មី ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ ៥៩៨ ក្នុងសង្កាត់ច្រាំងចំរេះ ២ ខណ្ឌប្ញស្សីកែវ (ផ្លូវ ជា សុផារ៉ា) ខណៈដែលអគារថ្មីនេះ សាងសង់សម្រេចបានប្រមាណ ៩៥ %ហើយ។
នាយកខុទ្ទកាល័យក្រសួងសាធារណការ លោក គង់ វិមាន បានបញ្ជាក់ថា តាមការគ្រោងទុក របស់ក្រសួងនឹងគោរពអញ្ជើញសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរជាផ្លូវការ នៅអំឡុងខែមករា ឆ្នាំ ២០២១ ខាងមុខ។ លោកថា បន្ទាប់ពីសម្ពោធរួចហើយ ក្រសួង នឹងរើពីទីស្នាក់ការចាស់ដែលស្ថិតនៅក្បែរវត្តភ្នំ ក្នុងខណ្ឌដូនពេញ ទៅបម្រើការងារនៅទីតាំងថ្មីនោះ ព្រោះទីស្នាក់ការចាស់មានភាពចង្អៀត។
គួរជម្រាបថា សម្រាប់អគារទីស្នាក់ការចាស់របស់ក្រសួងសាធារណការ នឹងត្រូវប្រគល់ទៅឱ្យក្រសួងរ៉ែ និងថាមពល ស្របតាមសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាល ដែលបានសម្រេចកាលពីពេលកន្លងមក៕
(រូបថត អគារក្រសួងសាធារណការដែលទើបសាងសង់នៅទីតាំងថ្មីក្នុងខណ្ឌឫស្សីកែវ)