មន្ត្រីអប់រំ ៖ ការបើកគ្រឹះស្ថានសិក្សានៅភ្នំពេញ និងទីរួមខេត្តកណ្តាល ដំណើរដោយរលូន

នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ការបើកដំណើរការគ្រឹះស្ថានសិក្សានៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្តាល ក្រោយការបិទបញ្ចប់ព្រឹត្តិការណ៍«៣វិច្ឆិកា» បានប្រព្រឹត្តទៅដោយមានភាពរលូនតាមការគ្រោងទុក ប្រកបដោយការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការសុវត្ថិភាពសុខភាព តាមគោលការណ៍ប្រតិបត្តិស្តង់ដាររបស់ក្រសួងអប់រំ និងក្រសួងសុខាភិបាល ។ នេះបើតាមការបញ្ជា់ក់របស់អ្នកនាំពាក្យក្រសួងអបរំ យុវជន និងកីឡា លោក រស់ សុវាចា។

កាលថ្ងៃទី១៩ ខែវិច្ឆិកា ប្រមុខរាជរដ្ឋាភិបាល បានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍«៣វិច្ឆិកា» និងសម្រេចបើកដំណើរការសាលារៀននៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្តាលវិញ នៅថ្ងៃទី២៣ ខែវិច្ឆិកា នេះ ក្រោយពីកម្ពុជា បានទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ដោយជោគជ័យ។

ទោះជាយ៉ាងនេះក្តី លោក រស់ សុវាចា បានអំពាវនាវដល់សិស្សានុសិស្ស និងបេក្ខជនប្រឡង បន្តរៀនសូត្រតាមបែបចម្រុះ រួមមាន រៀនក្នុងថ្នាក់ផង រៀនតាមអនឡាញផង អមដោយក្រដាសកិច្ចការជំនួយនិងសៀវភៅសិក្សាគោល ជាពិសេសបន្តអនុវត្តនូវវិធានការសុវត្ថិភាពសុខភាពសិក្សា៕