រាជរដ្ឋាភិបាលផ្ដល់ពូជស្រូវស្រាលមិនប្រកាន់រដូវ ៦ពាន់តោន និងដំណាំរួមផ្សំជិត ៥៦ម៉ឺនកញ្ចប់សម្រាបប្រជាកសិករស្តារជីវភាពក្រោយជំនន់ទឹកភ្លៀងរាជរដ្ឋាភិបាល ត្រូវបានផ្ដល់ បានបញ្ចេញពូជស្រូវស្រាលមិនប្រកាន់រដូវប្រមាណ ៦ពាន់ តោន និងដំណាំរួមផ្សំជិត ៥៦ម៉ឺនកញ្ចប់ សម្រាប់ផ្តល់ដល់ប្រជាកសិករ តាមបណ្ដារាជធានី ខេត្ត ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ដើម្បីស្ដារឡើងវិញនូវដំណាំ ស្រូវ និងដំណាំរួមផ្សំ ដែលខូចខាត នាពេលកន្លងមក។
នៅលើផេកផ្លូវការរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានបង្ហាញថា កាលពីថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ បានបន្តចុះពិនិត្យវឌ្ឍនភាព នៃការងារបង្កបង្កើនផលការស្តារស្រូវឡើងវិញនិង ជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ ក្នុងខេត្តពោធិ៍សាត់ និងខេត្តកំពង់ធំ។ គ្រោះ ទឹកជំនន់នៅក្នុងឆ្នាំនេះ បានធ្វើឱ្យប៉ះពាល់ស្រូវប្រជាពលរដ្ឋជាច្រើនហិកតា។
របាយការណ៍បានបង្ហាញថា ការងារធ្វើស្រែឡើងវិញ នៅក្នុងខេត្តបាត់ដំបង និងខេត្ត បន្ទាយមានជ័យ សម្រេចបានលទ្ធផលប្រមាណជាង៥០ភាគរយ ខេត្តកំពង់ធំសម្រេចបាន ប្រមាណ ៨៥ភាគរយ និងខេត្តពោធិ៍សាត់ សម្រេចបានជាង ៣៤ភាគរយ។ ខេត្តបាត់ដំបង ធ្វើស្រែបាន ៥.៨៣១ហិកតា លើផ្ទៃដីដែលអាចស្តារឡើងវិញបានចំនួន ១០.៥០០ហិកតា ខេត្តបន្ទាយមានជ័យ បាន ៥.១១៣ហិកតា លើផ្ទៃដីអាចស្តារឡើងវិញ ចំនួន ១១.១៦៩ហិកតា ខេត្តកំពង់ធំ ផ្ទៃដីដាំដុះឡើងវិញបាន ៦.៣៩២ហិកតា នៅសល់ ១.១៦៦ហិកតា និងខេត្តពោធិ៍ សាត់ ដាំដុះឡើងវិញបាន ១.១៧៦ហិកតា លើផ្ទៃដីដាំដុះឡើងវិញ ១៧.៨០៤ហិកតា។
គួរជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញវិធានការបន្ទាន់ជំរុញការធ្វើស្រែ និងដាំដុះឡើងវិញរបស់ប្រជាពលរដ្ឋ ក្នុងបំណងជួយស្តារ ជីវភាពរបស់ពួកគាត់ និងចៀសវាងការខ្វះស្បៀងអាហារ។ គិតត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា កន្លង ទៅនេះ ពូជស្រូវស្រាលមិនប្រកាន់រដូវប្រមាណ៦ពាន់តោន និងដំណាំរួមផ្សំជិត ៥៦ម៉ឺនកញ្ចប់ ត្រូវបានចែកជូនប្រជាកសិករ ក្រោយពេលជំនន់ទឹកភ្លៀងបានស្រកទៅវិញ។ បន្ថែមពីលើនោះ សម្តេចតេជោ ក៏បានបញ្ចេញគ្រឿងចក្រកសិកម្ម និងម៉ាស៊ីនព្រោះស្រូវជាដើម ជួយអន្តរាគមន៍លើការធ្វើស្រែឡើងវិញផងដែរ។ បច្ចុប្បន្នប្រជាពលរដ្ឋបាននិងកំពុងធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងការដាំដុះឡើងវិញនេះ៕