ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីជំនាញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្លូវ លូ អូរ ប្រឡាយ អាងប្រព្រឹត្តកម្ម និងបន្ទប់ទឹកសាធារណៈ

 ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីមន្ទីរ អង្គភាពជំនាញ អភិបាលក្រុងព្រះសីហនុ និងតំណាងក្រុមហ៊ុន ចុះពិនិត្យវឌ្ឍនភាពនៃការ ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៤ខ្សែ ប្រព័ន្ធលូ អូរ ប្រឡាយ អាងប្រព្រឹត្តកម្ម ការសាង សង់បន្ទប់ទឹកសាធារណ:តាមបណ្តោយឆ្នេរអូរឈើទាល ការរៀបចំក្រាលថ្មក្រានិតនៅ តាមចិញ្ចើមផ្លូវជុំវិញតោពីរ ក្នុងក្រុងព្រះសីហនុ នាព្រឹកថ្ងៃចន្ទ ៨កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាព ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធក្រុងព្រះសីហនុ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់បណ្ដាក្រុមហ៊ុន សាងសង់ផ្លូវត្រូវយកចិត្តទុកដាក់ ដោយទទួលខុសត្រូវខ្ពស់ក្នុងការពន្លឿនការងារឱ្យ បានឆាប់រហ័ស ធានាបានបរិមាណ និងគុណភាព សោភណភាព ដោយមិនត្រូវ ទុកសំណល់ការដ្ឋាននៅលើដងផ្លូវ ធ្វើឱ្យបាត់បង់សោភណភាពក្រុងព្រះសីហនុ។

ឯកឧត្តម គួច ចំរើន ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកលេងកម្សាន្តតាមតំបន់ឆ្នេរ និងតាមរមនីយដ្ឋាននានា ក្នុងខេត្តព្រះសីហនុ ចូលរួមសហការថែ រក្សាបរិស្ថាន អនាម័យ។ ទន្ទឹមនោះធ្វើការណែនាំ ដល់ក្រុមការងារ និងមន្ត្រីជំនាញបច្ចេកទេស សរសេរអក្សរលើថ្មម៉ាបដាក់តាមសួនច្បារ តំបន់ឆ្នេរសមុទ្រ “ហាមបោះ ចោលសំរាម” ប្រសិនបើមានករណីរំលោភបំពាន និងត្រូវធ្វើការផាកពិន័យតាមអនុក្រឹត្យលេខ ១១៣ មាត្រា៤៣ ស្តីពីការផាកពិន័យអន្តរកាល ចាប់ពី ២០.០០០រៀល ដល់ ៤០០.០០០រៀល ៕ ប្រភព ៖ AKP