សហរដ្ឋអាមេរិក ដកខ្លួនចេញពីសន្ធិសញ្ញាលំហរអាកាស Open Skies Treaty ជាផ្លូវការ

សហរដ្ឋអាមេរិក បានចាកចេញជាផ្លូវការ ពីសន្ធិសញ្ញាស្តីពីការបើកចំហរដែនអាកាស ដែលអនុញ្ញាតឱ្យប្រទេសជាសមាជិក ធ្វើសកម្មភាពហោះហើរតាមឃ្លាំមើលលើទឹកដីរបស់គ្នាទៅវិញទៅមក។

សន្ធិសញ្ញាដែលមានប្រទេសចូលរួមជាង ៣០ ប្រទេស ក្នុងនោះមានប្រទេសរុស្ស៊ី និងបណ្តាប្រទេសធំ ៗ នៅតំបន់អ៊ឺរ៉ុប ត្រូវបានចុះហត្ថលេខានៅឆ្នាំ ១៩៩២ បន្ទាប់ពីសង្គ្រាមត្រជាក់ និងចូលជាធរមានក្នុងឆ្នាំ ២០០២ ។ សហរដ្ឋអាមេរិក បានចេញសេចក្តីជូនដំណឹងអំពីការសម្រេចចិត្តដកខ្លួនចេញ កាលពីខែឧសភាដោយបានចោទប្រកាន់ទីក្រុងម៉ូស្គូ ថាបានរឹតបន្តឹងខុសច្បាប់លើការហោះហើរ លើតំបន់នានានៅតាមបណ្តោយព្រំដែនរុស្ស៊ី។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសរុស្ស៊ីបានចោទប្រកាន់សហរដ្ឋអាមេរិកថាបានប្រើប្រាស់ប្រទេសរុស្ស៊ីជាលេស ដើម្បីចាកចេញពីសន្ធិសញ្ញានេះ។ប្រទេសនេះ ក៏បានអំពាវនាវដល់រដ្ឋភាគីផ្សេងទៀត មិនត្រូវផ្តល់ឱ្យសហរដ្ឋអាមេរិកនូវព័ត៌មានដែលទទួលបានពីការហោះហើរពីលើប្រទេសរុស្ស៊ីនោះឡើយ។

គួរបញ្ជាក់ថា ការហោះហើរឃ្លាំមើលត្រូវបានគេនិយាយថាមិនសូវជារឿងសំខាន់ ដោយសារតែមានការរីកចម្រើននៅក្នុង បច្ចេកវិទ្យាផ្កាយរណបឈ្លបយកការណ៍។ ទោះយ៉ាងណាមនុស្សមួយចំនួននិយាយថា ការចាកចេញរបស់សហរដ្ឋអាមេរិកអាចបង្កជាការប្រកួតប្រជែងអាវុធថ្មីមួយទៀត៕