រាជរដ្ឋាភិបាលកម្ពុជា នឹងបញ្ចប់ការបើកផ្តល់ប្រាក់ឧបត្តម្ភដល់កម្មករ និយោជិត នៅត្រឹមឆ្នាំ២០២០ នេះ ប៉ុន្តែ ចំពោះស្ថានភាពជាក់ស្តែងរាជរដ្ឋាភិបាល នឹងពិនិត្យវាយតម្លៃម្តងទៀត នៅខែធ្នូ ខាងមុខនេះ ថាតើ អាចបន្តផ្តល់ប្រាក់ឧបត្ថម្ភជូនដល់កម្មករនិយោជិតសម្រាប់ឆ្នាំ២០២១ ទៀត ឬយ៉ាងណា ?។ នេះបើតាមការបញ្ជាក់របស់លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
តាមរបាយការណ៍ចុងក្រោយរបស់ក្រសួងការងារ បច្ចុប្បន្នមានរោងចក្រប្រមាណ ៧០ បានបន្តព្យួរការងារកម្មករនិយោជិត ដោយមូលហេតុបណ្តាលមកពីការទទួលរងវិបត្តិពីជំងឺវីដ ១៩។ គិតចាប់ពីដើមខែមីនា មកដល់ថ្ងៃទី២០ ខែវិច្ឆិកា រាជរដ្ឋាភិបាល បានបើកផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិតប្រមាណ ៣៣ម៉ឺននាក់ ដោយចំណាយថវិកាប្រមាណ ២២លានដុល្លារ ខណៈរាជរដ្ឋាភិបាលនៅមិនទាន់សម្រេចថា តើនឹងត្រូវបន្តផ្តល់ប្រាក់ឧបត្ថម្ភទាំងនេះនៅក្នុងឆ្នាំ ២០២១ ទៀតឬយ៉ាងណានៅឡើយ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងការងារបានបើកផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិតចំនួន ៣៨ លើករួចមកហើយ ដោយក្នុងកម្មករម្នាក់ៗអាចទទួលបានប្រាប់ឧបត្ថម្ភចំនួន ៣៨ ដុល្លារ ឬ ៧៦ ដុល្លារអាស្រ័យទៅតាមពេលវេលានៃការព្យួរការងាររបស់កម្មករ៕