ជនបរទេសចម្រុះជាតិសាសន៍ចំនួន ៥៤២នាក់ ក្នុងនោះមានស្ត្រីចំនួន ៥២នាក់ ត្រូវបានក្រសួងមហាផ្ទៃរៀបចំឯកសារបណ្តេញចេញពីប្រទេសកម្ពុជា ជាបន្តបន្ទាប់គ្នាក្នុងរយៈពេល ៩ខែក្នុងឆ្នាំនេះ ក្រោយពេលរកឃើញថា ពួកគេបានប្រព្រឹត្តបទល្មើសផ្សេងៗខុសច្បាប់អន្តោប្រវេសន៍។
លោក កែវ វណ្ណថន អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងថា ជនបរទេសទាំងនោះ មានចំនួន ៤០សញ្ជាតិ ក្នុងនោះជនជាតិចិន មានចំនួនច្រើនជាងគេ។ លោកថា «យើងបានអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងចំពោះជនបរទេសនៅកម្ពុជា កាលណាពួកគាត់បានប្រព្រឹត្តល្មើសច្បាប់ គឺយើងធ្វើការបណ្ដេញចេញជាបន្តបន្ទាប់ដោយអនុវត្តច្បាប់អន្តោប្រវេសន៍របស់កម្ពុជា។ ទាក់ទងវិធានការថ្មីៗ គឺយើងបាន និងកំពុងធ្វើ ស្របពេលដែលមានជំងឺកូវីដ-១៩ ដូច្នេះជនបរទេសដែលចូលមកកម្ពុជា ត្រូវតែគោរពតាមការណែនាំរបស់អាជ្ញាធរ និងច្បាប់កម្ពុជា ពិសេសទាក់ទងការទប់ស្កាត់ជំងឺកូវីដ-១៩។
យោងតាមទិន្នន័យរបស់ក្រសួងមុំហាផ្ទៃ បានឱ្យដឹងថា ចាប់ពីឆ្នាំ២០១៤ រហូតដល់បច្ចុប្បន្ននេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃបានបណ្ដេញជនបរទេសចំនួន ១៧ ៥៩៩នាក់ ក្នុងនោះស្ត្រីមានចំនួន ៣៤៥នាក់ ដែលមាន ១០៤ សញ្ជាតិ ដោយសារពួកគេភាគច្រើនបានប្រព្រឹត្តបទល្មើស ដូចជា គ្រឿងញៀន ជួញដូរមនុស្ស ជួញដូរផ្លូវភេទ ចាប់ជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត និងប្រើអំពើហិង្សា ជាដើម៕