ភ្នំពេញ ៖ តាមរយៈការបរិច្ចាគទឹកប្រាក់ចំនួន ៥លានដុល្លារដើម្បីជួយដល់ប្រទេសដែលមានប្រាក់ចំណូលមធ្យម និងទាបឲ្យទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ គឺវ៉ាក់សាំងប្រមាណ ២ពាន់លានដូសនឹងត្រូវចែកចាយមុនដាច់ឆ្នាំ២០២១ ដល់ប្រទេសចំនួន៦ ក្នុងនោះក៏មានកម្ពុជា ដែរ។
បើតាមសេចក្តីប្រកាសបានឲ្យដឹងថា ប្រទេសចំនួន ៦ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលនឹងទទួលបានជំនួយនេះ រួមមានប្រទេស កម្ពុជា ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន ក្រសួងការបរទេស និងសុខាភិបាល បានឲ្យដឹងថា សាមគ្គីភាពជាសកលគឺចាំបាច់ណាស់សម្រាប់ការឆ្លើយតបជាអន្តរជាតិប្រកបដោយប្រសិទ្ធភាពចំពោះជំងឺរាតត្បាតនេះ។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ប្រទេសសិង្ហបុរី នឹងផ្តល់ថវិកាចំនួន ៥លានដុល្លារអាមេរិក ដល់កម្មវិធី COVAX ដែលនឹងជួយគាំទ្រដល់បណ្តាប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យមចំនួន ៩២ ឲ្យទទួលបានវ៉ាក់សាំងកូវីដ-១៩តាមរយៈកម្មវិធី COVAX ។
សេចក្តីប្រកាសព័ត៌មានដដែលបានកត់សម្គាល់ថា ការប្តេជ្ញាចិត្តនេះគឺជាផ្នែកមួយនៃការគាំទ្រជាប់លាប់របស់ប្រទេសសម្រាប់ពហុភាគីវ៉ាក់សាំង និងការទទួលបានវ៉ាក់សាំង ដោយស្មើភាព និងសមធម៌។
ប្រទេសសិង្ហបុរី នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូអន្តរជាតិរបស់ខ្លួន រួមមានអង្គការសហប្រជាជាតិ អង្គការសុខភាពពិភពលោក អង្គការ Gavi និងអង្គការផ្សេងទៀត ដើម្បីជំរុញចលនាវ៉ាក់សាំងពហុភាគីនិយម និងបង្កើតឲ្យមានការឆ្លើយតបជាសកលចំពោះជំងឺរាតត្បាតដ៏សាហាវនេះ៕