អាជ្ញាធរប្រកាសភ្លាមៗឲ្យបិទទីតាំងចំនួនបីដើម្បីទប់ស្កាត់ការរាលដាលវីរុសកូវីដ-១៩

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា នេះ ក្រសួងសុខាភិបាល និងក្រសួងអប់រំ បានប្រកាសព្រមៗគ្នាបិទជាបណ្ដោះអាសន្នចំពោះទីតាំងដែលប្រឈមនឹងការឆ្លងរាលដាលជំងឺកូវីដ-១៩ ដូចជា ៖ ផ្សារ អ៊ីអន១ , សណ្ឋាគារភ្នំពេញ និងសាលារៀនអន្តរទ្វីបអាមេរិកាំង សាខាចាក់អង្រែ រាជធានីភ្នំពេញ។
ការចេញសេចក្តីប្រកាសបន្ទាន់នេះ បានធ្វើឡើងនៅក្រោយពេលរកឃើញថា មានស្ដ្រីម្នាក់ដែលមានវីរុសជំងឺកូវីដ -១៩ បានចូលទៅក្នុងផ្សារនេះ ។ នេះបើតាមការបញ្ជាក់របស់ នេះបើតាមការបញ្ជាក់ លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល។
ស្ដ្រីដែលរកឃើញវិជ្ជមានកូវីដ-១៩ នោះ គឺជាជនជាតិខ្មែរ ដោយបានចូលទៅក្នុងផ្សារទំនើប អ៊ីអន ១ បានពិសាអាហារ និងដើរទិញអីវ៉ាន់មួយចំនួន ។

ស្ដ្រីខ្មែររូបនេះ រស់នៅបុរី ប៉េង ហួត ផ្លូវ៦០ម៉ែត្របានធ្វើតេស្ដ វិជ្ជមានកូវីដ -១៩ នៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា បន្ទាប់ពីមាន ចេញរោគសញ្ញាសង្ស័យ ។
ចំណែក សាលារៀនអន្តរទ្វីបអាមេរិកាំង សាខាចាក់អង្រែ ត្រូវផ្អាកជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ការផ្អាកនេះ ដោយសារជាប់ពាក់ព័ន្ធករណី កូវីដ-១៩ ជាមួយក្រុមគ្រួសារលោកអគ្គនាយកពន្ធនាគារ។

រីឯសណ្ឋាគារភ្នំពេញ ក៏ត្រូវបិទទ្វាររយៈពេលពីរថ្ងៃដែរ ដោយសារអ្នកជំងឺកូវីដ-១៩ ធ្លាប់បានទៅហាត់ប្រាណ និងងូតទឹកនៅទីនោះ។

ភ្លាមៗ ក្រសួងសុខាភិបាល ក៏បាន និងកំពុងស្វែងរកអ្នកពាក់ព័ន្ធដើម្បីយកមកធ្វើតេស្ដ និងធ្វើចត្ដាឡីស័ក និងបានអំពាវនាវដល់សាធារណជន មេត្តាជ្រាប ហើយអ្នកដែលពាក់ព័ន្ធនៅថ្ងៃនោះ សូមអញ្ជើញមកធ្វើតេស្តនៅថ្ងៃនេះ នៅតាមទីតាំងរៀបចំដោយក្រសួងសុខាភិបាល៕