ភ្នំពេញ ៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ សាលប្រជុំរបស់សាខាពន្ធដារខណ្ឌមានជ័យ ព្រឹក ថ្ងៃទី២៦ កក្កដានេះ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ នៃ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ឯកឧត្តម គង់ វិបុល បានជម្រុញឱ្យមន្ត្រីក្រោមឱវាទធ្វើការប្រមូល ពន្ធឱ្យបានត្រឹមត្រូវ និងស្របទៅតាម ច្បាប់ដើម្បីចៀសវាងនូវបញ្ហានានា រវាងអ្នកប្រមូលពន្ធនិងអ្នក បង់ពន្ធ។
ឯកឧត្តម គង់ វិបុល មានប្រសាសន៍ថា ពន្ធដារ គឺជាប្រាក់ចំណូលយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចជាតិ ដូច្នេះមន្ត្រី ពន្ធដារទាំងអស់ សូមធ្វើការងារដោយត្រឹមត្រូវជាមួយនឹងអ្នកជាប់ពន្ធ ដើម្បីចៀសវាង នូវបញ្ហា។ ឯកឧត្តមថា យើង បានខិតខំក្នុងការបង្កើនប្រសិទ្ធិភាព នៃការគ្រប់គ្រងការប្រមូលអា ករ លើតម្លៃបន្ថែម និងទប់ស្កាត់ការ គេច វេសកេងបន្លំប្រាក់ពន្ធ ដែលជាលទ្ធផលរយៈពេល៦ខែ ឆ្នាំ ២០១៩ ចំណូលអាករលើតម្លៃ បន្ថែម កើនឡើង ៣៦.៦២% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ ដោយនៅឆមាសទី១ ឆ្នាំ ២០១៩ នេះ យើងប្រមូលចំណូលពន្ធសម្រាប់ថវិកា ជាតិបានប្រមាណ ជាង ១៥២៦លានដុល្លារ អាមេរិក កើនឡើង២៨.៩៤% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨។
ក្នុងឱកាសនេះឯកឧត្តម បានសម្តែងនូវការកោតសរសើរចំពោះសាខាពន្ធដារខណ្ឌមានជ័យ ដែល ធ្វើឱ្យសម្រេចបាននូវស្នាដៃការងារជាច្រើនជូនអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញ វត្ថុ និងបានអបអរ សាទរចំពោះសាខាដែលខិតខំកសាងបាននូវសាលប្រជុំល្អប្រណីតមួយ និងបានស្នើសុំឱ្យគ្រប់បណ្តាសាខាពន្ធដារ ទូទាំងប្រទេសរៀបចំឱ្យមានសាលប្រជុំរបស់ខ្លួន ដោយ យកគំរូតាមសាលប្រជុំរបស់សាខាពន្ធដារខណ្ឌមានជ័យនេះ ផងដែរ៕