បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋចំនួន២៣នាក់ ត្រូវបានមន្ត្រីចម្រុះផ្លាស់ប្តូរមណ្ឌលចត្តាឡីស័ក បន្ទាប់ពីបង្កជម្លោះទាស់ទែងគ្នាផ្អើលពេញមណ្ឌលបង្កការរំខានដល់ប្រជាពលរដ្ឋដទៃ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២១និង៣០នាទីយប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ ក្នុងមណ្ឌលចត្តាឡីស័កសុំចតក្រុងប៉ោយប៉ែត។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានប្រាប់ថា ជម្លោះរវាងប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលសុំចតក្រុងប៉ោយប៉ែតនេះ មានពីក្រុម គឺជម្លោះកើតចេញពីការឌឺដងពាក្យសម្តីគ្នា ក្រោយពីជម្លោះកើតឡើង អាជ្ញាធរនិងកងកម្លាំងចម្រុះ បានអន្តរាគមន៍ភ្លាមៗ និងបានអប់រំណែនាំ រួចបានបំបែកមួយក្រុមមានចំនួន២៣នាក់ ទៅកាន់មណ្ឌលចត្តាឡីស័កនៅភ្នំកងវ៉ា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដើម្បីទប់ស្កាត់ទំនាស់។
លោកអភិបាលបានបញ្ជាក់ថា ជម្លោះគ្នាបង្កការភ្ញាក់ផ្អើលនេះ មិនបង្កឲ្យមានរបួសស្នាមអ្វីទេ ដោយសារកម្លាំងចម្រុះឈរជើងនៅទីនោះ ចុះអន្តរាគមន៍ទាន់ពេលវេលា។ លោកអភិបាលសំណូមពរដល់ប្រជាពលរដ្ឋ ដែលបានត្រលប់មកពីប្រទេសថៃ ដែលកំពុងធ្វើចត្តាឡីស័កតាមមណ្ឌល សូមរក្សាភាពថ្លៃថ្នូរឲ្យសក្តិសមជាកូនខ្មែរ និងស្តាប់តាមការណែនាំរបស់អាជ្ញាធរ គោរពវិធានការការពារជំងឺកូវីដ១៩ តាមក្រសួងសុខាភិបាល ត្រូវសម្រាកតាមដានសុខភាពរយៈពេល១៤ថ្ងៃ។ ដោយអាជ្ញាធរធានាបាននូវការផ្តល់អាហារហូបចុក រក្សាសន្តិសុខ ផ្តល់កន្លែងស្នាក់នៅ ក្រោយពីធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃហើយ និងចេញលិខិតបញ្ជាក់ ជូនត្រឡប់ទៅផ្ទះវិញ៕