រាជធានីភ្នំពេញ ៖ មុខសញ្ញាជនសង្ស័យ ឆក់ទើបចេញពីគុកម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ឬស្សីកែវជួយអន្តរាគមន៍ឃាត់ខ្លួន ខណៈពេលដែលជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ម៉ាកអាយហ្វូន១២ប្រូមួយគ្រឿង ហើយត្រូវនារីជាម្ចាស់ទូរស័ព្ទ ជិះម៉ូតូដេញបំបុក បណ្តាលអោយដួល។
ហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ១០:៥០នាទីព្រឹក ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវខាងសារិន ក្នុងភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យរូបនោះឈ្មោះ ញ៉ែម លីហូវ អាយុ៣២ឆ្នាំ ស្នាក់នៅភូមិមិត្តភាព សង្កាតឬស្សីកែវ ខណ្ឌឬស្សីកែវ ជាមុខសញ្ញាចាស់ដែលទើបចេញពីគុកបាន២ខែ។ ចំណែកនារីក្លាហានជាម្ចាស់ទូរស័ព្ទឈ្មោះគង់ គឹមហួង អាយុ ២៧ឆ្នាំ ជាបុគ្គលិក ផ្នែកលក់ នៅក្រុមហ៊ុនទឹកសុទ្ធមួយ ស្នាក់នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ ជិះម៉ូតូម៉ាកឃ្លិក ពណ៌ពាក់ស្លាកលេខបាត់ដំបង១U.៧៤១៣ មួយគ្រឿង។
តាមនារីជាម្ចាស់ទូរស័ព្ទបានអោយដឹងថា នៅមុនពេលកើតហេតុ នាងបានជិះម៉ូតូមួយគ្រឿង ខាងលើក ធ្វើដំណើរ តាមផ្លូវខាងសារិន ក្នុងទិសដៅ ពីជើងទៅត្បូង ខណៈមកដល់មុខរោងចក្រអគ្គិសនី ក៏បានឈប់ម៉ូតូលើកទូរស័ព្ទ ស្តាប់ សម្លេងសារ ស្រាប់តែជនសង្ស័យ មានគ្នា តែម្នាក់ឯង ជិះម៉ូតូ ម៉ាក ហុងដាសេ១២៥មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ១CJ.៧៧១៤មកធ្វើសកម្មភាពឆក់ទូរស័ព្ទបានសម្រេច រួចព្យាយាមគេចខ្លួន។ តាមនារីរូបនោះ បានអោយដឹងទៀតថា ដោយសារតែស្តាយទូរស័ព្ទ ដែលជាកម្លាំងញើសឈាម នាងបានស្រែក និងជិះម៉ូតូដេញតាមបំបុកពីក្រោយដោយពុំខ្លាចគ្រោះថ្នាក់ បណ្តាលអោយដួល ទាំងអស់គ្នា។ ភ្លាមៗ ជននោះ ក៏បានស្ទុះងើបឡើងយក ទូរស័ព្ទដែលឆក់បានបោកចោលនិងវាយ មកលើនាងបណ្តាលអោយថ្លោះដៃ។ បន្ទាប់ពីមានការភ្ញាក់ផ្អើលត្រូវបានកម្លាំងនគរបាលព្រមទាំងប្រជាពលរដ្ឋនាំគ្នាជួយឃាត់ខ្លួនបានតែម្តង។
តាមនគរបាលអោយដឹងថា ទៀតថាជនសង្ស័យ ជាមុខសញ្ញាឆក់ និងគាស់ផ្ទះ ហើយត្រូវបាននគរបាលប៉ុស្តិ៍ឃាត់ខ្លួនបានម្តងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញកាត់ទោសជាប់គុកចំនួន៤ឆ្នាំទើបចេញបាន២ខែក៏ធ្វើសកម្មភាពឆក់ទៀត។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននគរបាលឃាត់ខ្លួន សាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ ឬស្សីកែវ ចំណែក ម៉ូតូនិងទូរស័ព្ទត្រូវបានគរបាលប្រគល់អោយម្ចាស់វិញ៕