កម្លាំង​សមត្ថកិច្ច​របស់​ស្នងការ​ខេត្ត​បន្ទាយមានជ័យ​ ឃាត់ខ្លួន​ជនសង្ស័យ​​​​​២​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន

បន្ទាយមានជ័យ ៖ ជនសង្ស័យ​២​នាក់​ចែកចាយ​ថ្នាំញៀន​ទ្រង់ទ្រាយ​ធំ ​ត្រូវ​នគរបាល​ក្រុង​ប៉ោយប៉ែត សហការ​ជាមួយ​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ឃាត់ខ្លួន​បាន​នៅ​វេលា​ម៉ោង​១២​យប់​ឈានចូល ថ្ងៃទី​៧​ ខែ​មករា ឆ្នាំ​២០២១ នៅ​ចំណុច​មុខ​ភោជនីយដ្ឋាន​ម្លប់​ឬ​ស្សី ផ្លូវជាតិ​លេខ​៥ ស្ថិតនៅ​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​បា​លិ​លេ​យ្យ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក​វរសេនីយ៍ឯក ធិ​ន ស៊ិន​ដេ​ត ស្នងការ​រង​ទទួល​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន បាន​ឲ្យ​ដឹង​ថា អនុវត្តតាម​បទបញ្ជា​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ លោក​បាន​ដឹកនាំ​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត សហការ​ជាមួយ​កម្លាំង​ការិយាល័យ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់ រួមមាន​៖

១-​ឈ្មោះ មាស ធីតា ភេទ​ប្រុស រស់នៅ​ចំណុច​មុខ​ភោជនីយដ្ឋាន ម្លប់​ឬ​ស្សី ផ្លូវ​លេខ​៥ សង្កាត់​បា​លេ​លី​យ្យ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដកហូត​វត្ថុតាង​សង្ស័យ​ថ្នាំញៀន​អ៊ិ​ច​ស្ត្រា​ស៊ី​ចំនួន ៤៨​គ្រាប់ សារធាតុ​ញៀន​សង្ស័យ​ប្រភេទ កេ​តា​មីន ចំនួន​១៥ កូន​ថង់​តូច

២-​ឈ្មោះ ស្រេង ឡុង​ហេង ភេទ​ប្រុស ដែលជា​មេខ្លោង រស់នៅ​ចំណុច​បន្ទប់​លេខ​E៤៣ ជាន់​ទី​៤ ផ្លូវ​បេតុង​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ដកហូត​វត្ថុតាង​មាន ថ្នាំ​គ្រាប់​ពណ៍​ត្រួយ​ចេក ចំនួន​២៣​ថង់ សង្ស័យ​សារធាតុ​ញៀន​ប្រភេទ​អ៊ិ​ច​ស្ត្រា​ស៊ី ថ្នាំ​គ្រាប់​ពណ៍​ផ្កាឈូក​ចំនួន​៤​ថង់​សង្ស័យ​សារធាតុ​ញៀន​ប្រភេទ​អ៊ិ​ច​ច​ស្ត្រា​ស៊ី ថ្នាំ​គ្រាប់​ពណ៍​លឿង​ស្រាល ចំនួន​៥​ថង់ សង្ស័យ​សារធាតុ​ញៀន​ប្រភេទ​អ៊ិ​ច​ស្ត្រា​ស៊ី ក្រាម​ស​ថ្លា​ចំនួន​១ កូន​ថង់​សង្ស័យ​សារធាតុ​ញៀន ថ្នាំ​គ្រាប់​ហ្វា​យៗ​មួយ​បន្ទះ​ចំនួន​១០​គ្រាប់ សង្ស័យ​សារធាតុ​ញៀន ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំញៀន​ចំនួន​១ កេ​តា​មីន​ទឹក​ចំនួន ១៥០​ដប​សង្ស័យ​សារធាតុ​ញៀន សម្ភារៈ​សម្រាប់​ស​ម្ងួ​ត​ថ្នាំញៀន​មួយ​កំ​ប្លេ​រ​៕​