យន្តហោះ​ដឹក​អ្នកដំណើរ​ឥណ្ឌូណេស៊ី បាត់​ដំណឹង​ក្រោយ​ហោះ​ចេញ ពី​ទីក្រុង​ហ្សា​ការ​តា​

ហ្សា​ការ​តា​ ៖ យន្តហោះ​ដឹក​អ្នកដំណើរ​មួយគ្រឿង របស់​អាកាសចរណ៍​ឥណ្ឌូណេស៊ី ស្រ៊ី​វី​ចា​យ៉ា (Sriwijaya) បាន​បាត់​ដំណឹង​នៅមុននេះ​បន្តិច ក្រោយ​ហោះ​ចេញពី​រដ្ឋធានី​ហ្សា​ការ​តា នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​០៩ ខែមករា ឆ្នាំ​២០២១​នេះ​។ នេះ​បើតាម​ការចេញផ្សាយ ដោយសារ​ព័ត៌មាន CNA​។​

​ក្រសួង​ដឹកជញ្ជូន​នៃ​ប្រទេស​ឥណ្ឌូណេស៊ី បានចេញ​សេចក្តីប្រកាស​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​នេះ​ថា យន្តហោះ​ដឹក​អ្នកដំណើរ​ខាងលើនេះ បាន​ចាក​ចេញពី​អាកាសយានដ្ឋាន​ទីក្រុង​ហ្សា​ការ​តា កាលពី​វេលា​ម៉ោង ២៖៣៥​នាទី (​ម៉ោង​នៅ​ហ្សា​ការ​តា​) ហើយ​គ្រោង​ទៅ​ចុះចត​នៅ​អាកាសយានដ្ឋាន ផុន​ធា​ណាក់ (Pontianak) ស្ថិតនៅក្នុង​ខេត្ត កាលី​ម៉ាន់​តាន់​ខាងលិច (West Kalimantan)​។​

​បើតាម​អាជ្ញាធរ​ឥណ្ឌូណេស៊ី យន្តហោះ​ខាងលើនេះ​ជា​ប្រភេទ Boeing 737-500 មាន​អាយុកាល​ធ្វើ​ប្រតិបត្តិការ ២៦​ឆ្នាំ​មកហើយ ហើយ​វា​បាន​បាត់​ដំណឹង​កាលពី​វេលា​ម៉ោង ៣៖៤០​នាទី (​ម៉ោង​នៅ​ហ្សា​ការ​តា​)​។ សម្រាប់​ចំនួន​អ្នកដំណើរ និង​អ្នកបម្រើ​ការងារ​លើ​នោះ នៅ​មិនទាន់មាន​ការបញ្ជា​ក់ឡើ​យ​៕​