អាជ្ញាធរ​ជាតិ​អប្សរា បង្ហាញ​មូលហេតុ​រុះរើ​របង​ដី លោកស្រី លី​អ៊ុំ អេង

លោក ឡុង កុសល ជា​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​ ក្រុមការងារ​ទប់ស្កាត់​សំណង់​ខុសច្បាប់​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន ទៅ​រុះរើ របង របស់លោក​ស្រី លី​អ៊ុ​អេង ដោយសារតែ ការដាំ​បង្គោលរបង​ឬ​ដាំ​ឬ​ស្សី​ធ្វើជា​របង នោះ បាន​សង់​បំពាន​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ក្នុង​តំបន់​២​នៃ​រមណីយដ្ឋាន​អង្គរ ផ្ទុយ​ពី​ព្រះរាជក្រឹត្យ ស្តីពី​ការចាត់ចែង​និង​គ្រប់គ្រង​តំបន់​សៀមរាប​អង្គរ និងសេចក្តីសម្រេច ស្តីពី​ការគ្រប់គ្រង​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ដែល​បញ្ជាក់ថា រាល់​ការសាងសង់ ឬ​អភិវឌ្ឍន៍ ត្រូវមាន​ការអនុញ្ញាត​ជាមុន។

ការបំភ្លឺ​របស់លោក​ឡុង​កុសល បាន​ធ្វើឡើង​បន្ទាប់ពី​លោកស្រី លី​អ៊ុំ​អេង និង ពលរដ្ឋ​ចំនួន​៦​គ្រួសារ​ផ្សេងទៀត បាន​ប្ដឹង​លោក​ពីបទ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​នៅលើ​ដី​កម្មសិទ្ធិ​របស់​ពួកគេ ដូចជា​ខូចខាត​ដំណាំ របង​ថ្ម និង​ឈើ កាលពី​ថ្ងៃទី​២២ ២៣ និង​២៤ ខែធ្នូ ឆ្នាំ​២០២០ ហើយ​ទាមទារ សំណង​ជំងឺ​ចិត្ត​ផងដែរ ។​លោក​បន្តថា ការរុះរើ​នេះ គឺធ្វើឡើង​នៅ​ភូមិ​អូរទទឹង ឃុំ​ព្រះ​ដាក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប (​តំបន់​២​នៃ​រមណីយដ្ឋាន​អង្ករ ) មិនមែន​ស្ថិតនៅ​ភូមិ​តា ប៉ាង អំពិល​បង្កោង គិរី​មាន​ន្ទ និង​ភូមិ​ត្នោត ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ដូច​ការអះអាង​របស់​លោកស្រី លី អ៊ុ​អេង នោះទេ។

លោក​អះអាង​ថា មុននឹង​ក្រុមការងារ​ទប់ស្កាត់​សំណង់​ខុសច្បាប់​នៃ​អាជ្ញាធរ​ជាតិ​អប្សរា អនុវត្ត​វិធានការ​រដ្ឋបាល​រុះរើ​របង ដោយមាន​ការចូលរួម​ពី​អាជ្ញាធរ​ផង​នោះ ក្រុមការងារ បាន​ជួប​ផ្ទាល់​ជាមួយ​លោកស្រី លី អ៊ុ​អេង​និង​បិទ​សេចក្តីជូនដំណឹង តម្រូវ​ឲ្យ​ម្ចាស់​បង្គោល​របង​រុះរើ ដោយ​ខ្លួនឯង​ចំនួន ២​ដង​ដែរ តែ​ឈ្មោះ​លី អ៊ុ អេង នៅតែ​មិន​រុះរើ​របង​នេះ​ចេញ​ទេ៕