អេស្កាវ៉ាទ័រ​ កាយ​ដី​ប៉ះចំ​មីនតោន ​បណ្ដាលអោយ​ផ្ទុះ​រង​របួស​ម្នាក់

ពោធិ៍សាត់​ ៖​ មនុស្ស​ម្នាក់​ បាន​ទទួល​រង​របួស​ និង​អេ​ស្កា​ម៉ូតូ​មួយ​គ្រឿង ​បាន​រង​ការខូចខាត​ បន្ទាប់ពី​កាយ​ដី​ប៉ះ​មីនតោន​ បណ្ដាលអោយ​ផ្ទុះ​យ៉ាង​កក្រើក​នៅវេលា​ម៉ោង​3​និង​11​នាទី​រសៀល​ថ្ងៃទី​9 ខែ​មករា ​ឆ្នាំ​2021 ត្រង់​ចំណុច​អូរ​បែក​ចាន ​ស្ថិតក្នុង​ភូមិ​ឯកភាព​ឃុំ​ថ្មដា​ស្រុក​វាលវែង​ខេត្តពោធិ៍សាត់។

សមត្ថកិច្ច ​ប្រាប់​ឲ្យ​ដឹង​ថា ​ជនរងគ្រោះ​ឈ្មោះ​ច​យ​លីន ភេទ​ប្រុស​ អាយុ​39 ឆ្នាំ​រស់នៅ​ ក្នុងភូមិ​ស្បូវ​រីក ឃុំ​លាច ស្រុក​ភ្នំក្រវាញ​ ខេត្តពោធិ៍សាត់​ បានទទួល​រង​របួស​ ដោយ​ត្រូវ​អំបែង​នឹង​ផ្សែង​រំសេវ​ប៉ះ​ត្រូវ​ភ្នែក ​និង​មុខ​ដងខ្លួន ​ ត្រូវបាន​បញ្ជូន​យកមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តពោធិ៍សាត់​។

ដោយឡែក ​អ្នកបើកបរ​ឈ្មោះ​សោម​សុ​ផា ភេទ​ប្រុស​អាយុ 41 ឆ្នាំ ​រស់នៅ​ក្នុង​ភូមិ​កើតហេតុ​ខាងលើ​មិន​មាន​រង​របួស​ឡើយ​៕​