ភ្នំពេញ ៖ មន្ត្រីអាវុធហត្ថសក្ដិ៤កន្លះម្នាក់ បាញ់សម្លាប់ប្រពន្ធ ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយ ចោលកូនស្រីម្នាក់ឲ្យរស់នៅកំព្រា បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១០ខែមករាឆ្នាំ២០២១ នៅចំណុចបន្ទប់ជួលលេខ២ តាមបណ្ដោយផ្លូវ អេសអូអេស ក្នុងសង្កាត់កោគឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ច បានប្រាប់ឲ្យដឹងថា បុរសជាប្តីមានឈ្មោះ សេក គឹមសាន ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរមន្ត្រីអាវុធហត្ថ មានឋានន្តរសក្ដិ វរសេនីយ៍ទោ ជាគ្រូបង្រៀននៅសាលាកងរាជអាវុធហត្ថកំបូល។ចំណែកប្រពន្ធមានឈ្មោះ ជួប សារ៉ែន ភេទស្រី អាយុ៣៦ ឆ្នាំមុខរបរនៅផ្ទះ អ្នកទាំងពីរស្នាក់នៅកន្លែងកើតហេតុខាងលើ។
តាមប្រភពពីប្រជាពលរដ្ឋ បានប្រាប់ឲ្យដឹងថា ប្តីប្រពន្ធ និងកូនស្រីម្នាក់ បានមកស្នាក់ នៅបន្ទប់ជួលកើតហេតុខាងលើរយៈពេលច្រើនខែកន្លងមកហើយ ដោយគេសង្កេតឃើញថា បុរសដែលជាប្ដីតែងតែប្រច័ណ្ឌនឹងប្រពន្ធជារឿយយៗ ពេលដែលឃើញប្រពន្ធយាយទូរស័ព្ទម្តងៗ ប្ដីតែងតែចោតរករឿងថានេះថានោះស្ទើររៀងរាល់ថ្ងៃ។ ប្រភពដដែលបានបន្តទៀតថា ជនដៃដល់ជាប្ដីធ្លាប់មានប្រពន្ធម្តងរួចមកហើយ ដោយមានកូននៅក្នុងបន្ទុកចំនួន៥នាក់ ចំណែកជនរងគ្រោះជាប្រពន្ធក្រោយ ដោយរួមរស់ជាមួយគ្នាបានកូនស្រីអាយុ១៥ ឆ្នាំម្នាក់ជាចំណងដៃ លុះដល់ម៉ោងកើតហេតុខាងលើគេងឮសំឡេងផ្ទុះអាវុធ ៣ទៅ ៤ គ្រាប់ដោយបង្កឲ្យមានកាភ្ញាក់ផ្អើលដល់អ្នកស្នាក់នៅបន្ទប់ក្បែរគ្នា រួចក៏នាំគ្នាចូលទៅមើលឃើញប្ដីប្រពន្ធទាំងពីរនាក់ ស្លាប់បាត់ទៅហើយ។
ក្រោយមក ក៏បាននាំគ្នារាយការណ៍ជូនទៅសមត្ថកិច្ចមូលដ្ឋានភ្លាមៗ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងពិនិត្យនៅកន្លែងកើតហេតុឃើញប្រពន្ធស្លាប់លុតជង្គង់មុខបន្ទប់ទឹកចំណែកប្ដីស្លាប់នៅក្នុងបន្ទប់ជាប់មាត់ទ្វារ រួចសមត្ថកិច្ចធ្វើការហ៊ុមព័ទ្ធរង់ចាំសមត្ថកិច្ចជំនាញចុះមកធ្វើកោសល្យវិច័យ ទើបដឹងករណីអ្វីឲ្យពិតប្រាកដ។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕