ឥណ្ឌូណេស៊ី ខំ​ខ្នះខ្នែង​ស្វែងរក​ប្រអប់​ខ្មៅ​របស់​យន្តហោះ​ដែល​ធ្លាក់

ក្រោយ​អាច​កំណត់​ពី​ទី​តាំង​នៃ​ប្រអប់​ខ្មៅទាំងពីរ​របស់​យន្តហោះ​ដែលធ្លាក់​ អាជ្ញាធរ​ឥណ្ឌូណេស៊ី​បាន​បញ្ជូន​ក្រុម​អ្នកជំនាញ​ខាង​មុជ​ទឹក​ឲ្យទៅ​ស្វែង​រក​ប្រអប់​ខ្មៅ​ដោយ​មិន​បង្អង់​យូរ​ឡើយ​។ ចំណែក​ អ្នក​ស៊ើប​អង្កេត​ឥណ្ឌូណេស៊ី​ បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ ទី​១១ មករា​ថា​ អ្នក​បើក​យន្ត​ហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ស្រីវីចាយ៉ា​ (Sriwijaya Air) មិន​បាន​ប្រកាស​ពី​ភាព​អាសន្ន​ ឬ​បញ្ហា​បច្ចេកទេស​ណាមួយនោះទេ​មុនពេល​ធ្លាក់​ចូល​សមុទ្រ។

រហូត​មក​ដល់ពេលនេះ​ ឥណ្ឌូណេស៊ី​នៅ​មិន​ទាន់​អាច​ស្វែង​រក​ឃើញពី​មូលហេតុ​ដែល​បណ្តាល​ឲ្យ​យន្ដហោះ​វ័យ​ ២៦ ឆ្នាំ​ខាងលើ​ ធ្លាក់​ចូល​ក្នុង​ទឹក​សមុទ្ទ​ក្រោយ​ហោះហើរ​ចេញ​ពី​ទី​ក្រុងហ្សាការតា​បាន​រយៈពេលតែ ៤ នាទី​នោះ។ ក៏ប៉ុន្តែ​ អាជ្ញាធរ​ឥណ្ឌូណេស៊ី​បាន​កំណត់​រកឃើញ​ទីតាំង​ប្រអប់​ខ្មៅទាំងពីរ​របស់​យន្តហោះ​ ហើយ​ក្រុម​អ្នកជំនាញ​មុជទឹក​កំពុង​ស្វែង​រក​ប្រអប់ខ្មៅយ៉ាង​សស្រាក់សស្រាំ​។

កំណត់​ត្រា​សន្ទនា​ជាមួយ​ក្រុម​បច្ចេកទេស​ត្រួត​ពិនិត្យ​ចរាចរណ៍​ផ្លូវ​អាកាស​ បាន​គូស​បង្ហាញ​ពី​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​គ្នា​ជា​ធម្មតា។​ ប៉ុន្តែ​គេ​បានបាត់​ទំនាក់ទំនង​ពី​យន្តហោះ​ប៊ូអ៊ីង៧៣៧-៥០០ របស់​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុង​ស្រុក​ឥណ្ឌូណេស៊ី​​ នៅ​ពេល​​​ដែល​យន្តហោះ​បាន​ធ្លាក់​ចុះ​មកវិញ​ក្នុង​កម្ពស់​ប្រមាណ​ ៣ពាន់​ម៉ែត្រ​ ក្នុង​រយៈពេល​តិចជាង​មួយនាទី​មុន​នឹង​ធ្លាក់​ចូល​ក្នុង​សមុទ្រជ្វា។

លោក​នួរកាយូ អ៊ុតូម៉ូ​ (Nurcahyo Utomo) អ្នក​ស៊ើបអង្កេត​ម្នាក់​របស់​គណៈកម្មាធិការ​គ្រប់គ្រង​ផ្នែក​សុវត្ថិភាព​ដឹក​ជញ្ជូន​ជាតិ​ឥណ្ឌូណេស៊ី​បាន​មាន​ប្រសាសន៍​ថា​ ការ​សន្ទនា​រវាង​អ្នក​បើកបរ​យន្តហោះ​ជាមួយ​នឹង​ក្រុម​បច្ចេកទេស​ចរាចរណ៍​ផ្លូវអាកាស​គឺ​ធម្មតា​និង​គ្មាន​អ្វី​គួរ​ឱ្យ​សង្ស័យ​ឡើយ​។ មួយវិញទៀត​ គេ​ក៏​មិន​ទទួល​បាន​ការ​ប្រកាស​អាសន្ន​ ឬ​បញ្ហា​បច្ចេក​ទេស​ណាមួយ​ ពី​អ្នក​បើកបរ​យន្តហោះ​ឡើយ​។

ទន្ទឹមគ្នានេះ បើយោងទិន្ន័យបឋម​ អ្នក​ជំនាញ​បាន​លើកឡើងថា​ “យន្ដហោះ​” ហាក់​ដូច​គ្មាន​បញ្ហា​ណាមួយ​គួរឲ្យ​កត់សម្គាល់​សោះឡើយ​មុន​ពេល​បាត់ខ្លួន​ និង​ត្រូវ​ធ្លាក់​ចូល​ទឹក​សមុទ្ទ​ កាលពី​រសៀស​ថ្ងៃសៅរ៍​ ទី៩ មករា​។

នៅ​ដំណាក់កាលនេះ​ អាជ្ញាធរ​ក្រុងហ្សាការតា​មិន​ទាន់​ដឹង​នោះ​ទេ​ ថាតើ​អ្វី​ជា​មូលហេតុ​ដែល​បណ្តាល​ឲ្យ​យន្តហោះ​ដឹក​អ្នក​ដំណើរ​សរុប​ ៦២ នាក់​ របស់​ក្រុម​ហ៊ុន​ស្រីវីចាយ៉ា​ ត្រូវ​ជួប​ឧបទ្ទវ​ហេតុ​ធ្លាក់​យ៉ាង​អាថ៌កំបាំង​បែបនេះ​។ ដូច្នោះ​ហើយការ​ស្វែករក​ឃើញ​ប្រអប់​ខ្មៅ​គឺជា​សង្ឃឹម​តែ​មួយគត់ដែល​អាច​ឲ្យ​គេ​រក​ឃើញ​ព័ត៌មាន​សំខាន់ៗ​ និង​ឈានដល់​ការ​កំណត់ពី​មូលហេតុនៅពីក្រោយ​ការធ្លាក់​យន្តហោះ​​។

គួរ​បញ្ជាក់​ជូនថា​ ប្រអប់ខ្មៅ​ដែល​មាន​បំពាក់​នៅលើ​យន្តហោះ​មានចំនួន​ពីរ​ ហើយ​ប្រអប់​ខ្មៅ​នោះ​ មាន​សមត្ថភាព​អាច​កត់ត្រា​ព័ត៌មាន​អំពីល្បឿន​ កម្ពស់​ និង​ទិសដៅ​នៃ​យន្តហោះ​ ក៏ដូចជា​ការសន្ទនា​ របស់​អ្នកបើក​យន្តហោះ​ ហើយនិង​អាច​ផ្តល់ទិន្នន័យ​សំខាន់ៗ​ ជុំវិញ​មូលហេតុ​នៃការ​ធ្លាក់យន្តហោះ​បាន​៕
មេរតន៍ ចាត់ចែង
ស្ត្រីវ័យជាង៣០ម្នាក់ធ្លាប់ជាអតីត​និស្សិត​ពេទ្យឆ្មបសម្រេចចិត្ត​ធ្វើអត្តឃាតខ្លួនឯងនៅនឹងដើមពុទ្រាគួរឲ្យរន្ធត់

ភ្នំពេញ៖ ស្ត្រីជា​អតីត​និស្សិត​ពេទ្យឆ្មបម្នាក់ដែល​ជាប់​អាហារូបករណ៍​រៀន​នៅ​ប្រទេស​ថៃ​ឈ្មោះ ឈី​វ សំ​អុ​ន អាយុ​៣១​ឆ្នាំ មាន​លំនៅ​នៅផ្ទះ​លេខ​១៤៦D ផ្លូវលំ ក្នុងភូមិ​០២ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ នៅវេលាម៉ោងប្រមាណ៦ព្រឹក ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២១ បានបញ្ចប់ជីវិតខ្លួនឯងដោយចង ក នៅត្រង់​ចំណុច​ដី​ឡូ​តិ៍ មួយ​កន្លែង​តាម​ផ្លូវ​កែវ​ចិន្តា ក្រុម​១២ ស្ថិត​ក្នុងភូមិ​០១ សង្កាត់​ជ្រោយ​ច​ងា្វរ ខណ្ឌ​ជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមប្រភពពីសមត្ថកិច្ចឱ្យដឹងថា ស្ត្រីរូបនោះបានបញ្ចប់ជីវិតខ្លួនឯង ដោយ​យក​ខ្សែ​នីឡុង​ចង​ភ្ជាប់​ទៅ​នឹង​ដើម​ពុទ្រា​ក្នុង​ព្រៃ ហើយ​ត្រូវ​បាន​ក្មេង​ៗ​ក្នុងភូមិ​ទៅ​បេះ​ផ្លែ​ពុទ្រា ក៏​ប្រទះ​ឃើញហើយរ​ត់ទៅ​ប្រាប់​ឪពុក​ម្តាយ រួច​ក៏​រាយការណ៍​ប្រាប់​នគរបាល​មូលដ្ឋានចុះពិនិត្យ រួចក៏​បាន​ប្រាប់​ទៅបងប្អូន​នារី​រង​គ្រោះ​រូប​នេះ​តែ​ម្តង។

ប្រភពពីបងស្រីសព បានឱ្យ​ដឹង​ថា ប្អូនស្រីគាត់មានជំងឺសរសៃប្រសាទប្រមាណជិត១០ឆ្នាំ​មក​ហើយ​ ដោយមួយរយៈពេលប្រមាណជិត២ខែនេះ នាង​ក៏​បាន​រត់​ចេញពីផ្ទះ​ទៅ​បាត់​ខ្លួន មិនដឹង​ថា ទៅ​ទីណា​នោះ​ទេ ក៏​ស្រាប់តែ​ទទួល​បាន​ដំណឹង​ពី​សមត្ថកិច្ច​ថា នាង​បញ្ចប់ជីវិត​ខ្លួនឯង​តែ​ម្តង​។បងស្រីសពបន្តថាប្អូនស្រីគាត់ធ្លាប់ជានិស្សិតពេទ្យ ដែល​រៀន​ពូកែ ប្រឡង​ជាប់​អាហារូបករណ៍ ទៅ​រៀន​នៅ​ប្រទេស​ថៃ រហូត​ដល់​ជិត​ចប់​ទៅ​ហើយ ប៉ុន្តែ​ដោយសារ​តែ​ការ​ខិត​ខំរៀន​ខ្លាំង​ពេក ទើបបណ្តាល​ឱ្យ​នាង​រលាក​ខួរក្បាល ក៏​មាន​ជំងឺសរសៃប្រសាទ ហើយ​ត្រូវ​បាន​សាលា​ទាក់ទង​មក​ក្រុម​គ្រួសារ​ឱ្យទៅ​ទទួលយក​មក​ស្រុក​កំណើត​វិញ និង​បាន​បញ្ចប់​ជី​វីត​ខ្លួនឯង​នៅ​ពេល​នេះ​តេ​ម្តង​។

សព​ស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារដើម្បី​យកទៅធ្វើបុណ្យ​តាម​ប្រពៃណី៕