កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បន្តដាក់គោលដៅត្រួតពិនិត្យរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដោយធ្វើការឃាត់ម៉ូតូជាច្រើនគ្រឿង ធ្វើការបង់ផាកពិន័យ ព្រោះម្ចាស់មិនពាក់មួកការពារសុវត្ថិភាព ឃាត់អ្នកបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងជាច្រើននាក់។
ជាមួយគ្នានេះ ជនសង្ស័យ២នាក់ ដែលលាក់ទុកគ្រឿងញៀន ចំនួន១៥កញ្ចប់ធំតូច ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះឃាត់ខ្លួនបញ្ជូនទៅស្នាក់ការប៉ុស្តិ៍ដើម្បីសាកសួរភ្លាមៗ បន្ទាប់ពីជិះម៉ូតូឆ្លងកាត់គោលដៅត្រួតពិនិត្យ ហើយត្រូវបានកម្លាំងឆែករកឃើញ។
ការឃាត់ខ្លួនជនសង្ស័យនៅគោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ ធ្វើឡើងកាលពីវេលាម៉ោង០៩:០៥នាទីយប់ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ នៅចំណុចមុខសាលាមត្តេយ្យភូមិ១ ផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះស៉ុង ងារ និងឈ្មោះខ្មែរ បូ គន្ធា ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅផ្ទះជួលច្រកឡឥដ្ឋ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរជាងធ្វើកុងម៉ា។ ចំណែកម្ចាស់ម៉ូតូម្នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ៕
ដោយទេស សុវណ្ណ