ACU ​កំពុងបន្តនីតិវិធីករណីមន្ត្រីសុរិយោដីខេត្តពោធិ៍សាត់៣រូប ទារ១០ម៉ឺនដុល្លារជាថ្នូរចេញច្បាប់សាងសង់

 

ខេត្តពោធិ៍សាត់ ៖ មន្ត្រីសុរិយោដីខេត្តពោធិសាត់ ចំនួន ៣រូប ដែលត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួននៅទីតាំងផ្សេងគ្នាក្នុងខេត្តពោធិសាត់ ពាក់ព័ន្ធនឹងករណីទារប្រាក់ប្រមាណ១០ម៉ឺនដុល្លារពីម្ចាស់សំណង់ ជាថ្នូរនឹងការចេញច្បាប់អនុញ្ញាតឲ្យសាងសង់ នោះ កំពុងស្ថិតក្នុងការស៊ើបសួរលម្អិតពីមន្ត្រីនៃអង្គភាពប្រឆាំងអំពើពុករលួយនៅឡើយ។

សូមជម្រាបថា នៅវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងនៃអង្គភាពប្រឆាំងអំពើពុករលួយ បានចាប់ឃាត់ខ្លួនមន្ត្រី៣រូប រួមមាន ប្រធាន អនុប្រធាន និងមន្ត្រីមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ ក្នុងភោជនីយដ្ឋានមួយកន្លែងក្នុងទីរួមខេត្តពោធិ៍សាត់។ ប្រតិបត្តិការចុះចាប់ខ្លួននេះ ដឹកនាំដោយ ឯ.ឧ. ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។
ប្រភពព័ត៌មានបានឲ្យដឹងថា អ្នកដែលត្រូវចាប់ខ្លួនមានឈ្មោះ ៖
១. ឈ្មោះ លៀម ប៊ុនរឿម ប្រធានមន្ទីរសុរិយោដីខេត្តពោធិ៍សាត់
២. ឈ្មោះ ជាង វុទ្ធី អនុប្រធានមន្ទីរទទួលការងារសំណង់
៣. ឈ្មោះ តែ ប៊ុនថេង មន្ត្រីសុរិយោដីខេត្ត។ឮ

នៅនឹងកន្លែងកើហេតុ ឯ.ឧ. ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងពំពើពុករលួយ មិនបានបញ្ជាក់ពិស្តារពីការចាប់ខ្លួនមន្រ្តីទាំង៣រូប នោះទេ តែបើតាមប្រភពព័ត៌មានដោយឡែក បានឲ្យដឹងថា ជាប់ពាក់ព័ន្ធនឹងអំពើពុករលួយទារថ្លៃសេវាពីប្រជាពលរដ្ឋដោយខុសច្បាប់។
សូមជម្រាបថា បន្ទាប់ពីបានឃាត់ខ្លួនមន្ត្រីទាំងបីរូបខាងលើនេះ គេឃើញក្រុមសមត្ថកិច្ចបានរៀបចំ យ៉ាងរូសរាន់ក្នុងការបញ្ជូនមន្ត្រីទាំងបីនាក់នោះទៅភ្នំពេញ ដោយនាំចេញពីភោជនីយដ្ឋានមួយ កន្លែងយីហោ មហាលាប ក្រុងពោធិ៍សាត់ ដែលប្រភពព័ត៌មានបានបង្ហើបឲ្យដឹងថា ជាកន្លែងដែលមន្ត្រីសុរិយោដី និងម្ចាស់ដី បានណាត់ជួបគ្នាដើម្បីប្រគល់លុយ៕