ប៉ូលិសប្រកាសចាប់ខ្លួនទណ្ឌិត សម រង្ស៊ី និងបក្ខពួកក្នុងសំណុំរឿងថ្មីទៀត

ភ្នំពេញ ៖ ទណ្ឌិត សម រង្សី ដែលហ៊ុព័ទ្ធទៅដោយការសម្រេចផ្តន្ទាទោសពីតុលាការជាច្រើន ហើយដែលបច្ចុប្បន្នកំពុងនិរទេសខ្លួននោះ នៅថ្ងៃទ២៧ ខែកក្កដា ឆ្នាំ២០១៩ នេះ អគ្គស្នងការ នគរបាលជាតិ បានចេញសេចក្តីប្រកាសថា ក្រសួងមហាផ្ទៃ បានទទួលដីកាមួយករណីទៀត បង្គាប់ឲ្យចាប់ខ្លួនទណ្ឌិត សម រង្សី និងបក្ខពួក យកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះថ្ងៃទី២៧ ខែ កក្កដា ឆ្នាំ២០១៩ នេះ បានបញ្ជាក់ថា«អ្នកនាំពាក្យរបស់អគ្គស្នងការដ្ឋាននគរបាលជាតិសូមជម្រាប ជូនសាធារណៈជនជាតិ និងអន្តរជាតិឲ្យបានជ្រាបថា អគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួល ដីកាបង្គាប់ឲ្យចាប់ខ្លួន ទណ្ឌិត សម រង្សី និងបក្ខពួក ដែលត្រូវតុលាការសម្រេចផ្តន្ទាទោស ហើយ បច្ចុប្បន្នកំពុងគេចខ្លួន។

ក្នុងតួនាទីជាភ្នាក់ងារអនុវត្តច្បាប់ អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចាត់វិធានការតាមគ្រប់រូបភាព និងគ្រប់មធ្យោបាយស្របតាមច្បាប់ ដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាពតាមដីការបស់តុលាការ ក្នុងការ ស្វែងរក និងចាប់ខ្លួនទណ្ឌិត សម រង្ស៊ី និងបក្សពួក យកមកផ្តន្ទាទោស តាមច្បាប់ជាធរមាន»។

ក្នុងសេចក្តីប្រកាសដដែល បានក៏ព្រមានផងដែរថា សូមបញ្ឈប់ជាបន្ទាន់នូវរាល់ចេតនា រារាំង ការ អនុវត្តដីការបស់តុលាការ ព្រោះសកម្មភាពរារាំងការអនុវត្តដីការបស់តុលាការ គឺជាអំពើដែលត្រូវ ផ្តន្ទាទោសតាមច្បាប់ជាធរមាន៕