ព័ត៌មាន​លម្អិត​ជុំវិញ​ករណី​គ្រូ​បង្វឹក​ឆត្រ​យោង​ ស្លាប់​ក្នុង​ហេតុការណ៍​បញ្ជា​ឆត្រខុសបច្ចេកទេស


កំពង់ស្ពឺ​ ៖ ​ កាលពី​វេលា​ព្រឹក ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០២១ នៅ​ចំណុច​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ មន្ត្រី​កងទ័ព​ពិសេស​ឆត្រ​យោង ៩១១ បាន​លោតឆត្រ ហើយ​បញ្ជា​ឆត្រ​ខុស​លក្ខណៈ​បច្ចេកទេស​ធ្វើ​ឲ្យ ទាក់​វ័ណ្ឌ​ខ្សែ​ឆត្រ​ជាមួយគ្នា បណ្ដាល​ឱ្យ​គ្រូ​បង្វឹក​ម្នាក់​ បាន​ស្លាប់ និង​មន្ត្រី​ម្នាក់ទៀត​រង របួសធ្ងន់។

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បានបញ្ជាក់​ប្រាប់ ពី​ករណី​នេះ​ថា ​៖ ” លោក​វរសេនីយ៍ត្រី លឹម សាយ ជា​គ្រូបង្វឹក​លោតឆ័ត្រ​យោង គឺ​បាន​ពលី​ជីវិត ដោយសារតែ​ឧប្បត្តិហេតុ លោតឆ័ត្រ​យោង​ព័ន្ធ​គ្នា​ទើប​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់ និង​ម្នាក់ទៀត​រងរបួស​បាក់ជើង”។

តាម​ការបញ្ជាក់​ពី​មន្ត្រីនគរបាល​ស្រុក​ឱ​រ៉ា​ល់ បាន​ឲ្យ​ដឹងថា​ ៖ ជនរងគ្រោះ​ដែល​បាន​ស្លាប់​នោះ គឺ​លោក វរសេនីយ៍ត្រី លឹម សាយ ជា​គ្រូបង្វឹក​ឆត្រ​យោង នៃ​កងទ័ព​ពិសេស​ឆត្រ​យោង ៩១១។

ប្រភព​ដដែល​បញ្ជាក់ទៀតថា ​៖ នៅពេល​លោត ពីលើ​យន្តហោះ ចុះមក​ក្រោម ឆត្រ​របស់លោក វរសេនីយ៍ត្រី លឹម សាយ បាន​រលាស់​ជា​ធម្មតា​ទេ​។ ប៉ុន្តែ​ឆត្រ​របស់​លោកគ្រូ លឹម សាយ បាន​វ័ណ្ឌ​គ្នា​ជាមួយនឹង​សិស្ស​ម្នាក់ទៀត មិន​ស្គាល់​អត្តសញ្ញាណ ទើប​បណ្ដាល​ឲ្យ​ធ្លាក់​មកដល់​ដី រងរបួស​ធ្ងន់​ទាំងពីរ​នាក់ តែ​ជា​អកុសល លោកគ្រូ លឹម សាយ បាន​ស្លាប់​នៅពេល​កងកម្លាំង បញ្ជូន​ទៅដល់​មន្ទីរពេទ្យ ចំណែក​អ្នករងរបួស កំពុង​សង្គ្រោះ នៅក្នុង​មន្ទីរពេទ្យបង្អែក។

​ពាក់ព័ន្ធ​នឹង​ករណីនេះ បញ្ជាការដ្ឋាន​ទ័ព​ពិសេស បានបញ្ជាក់​ឱ្យដឹង នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​ថា​៖ កាលពី​ព្រឹក ថ្ងៃទី​១៤ មករា នេះ លោក​វរសេនីយ៍ត្រី លឹម សាយ ជា​គ្រូបង្វឹក​លោតឆ័ត្រ​យោង និង​ក្រុម​គ្រូ​ផ្សេងទៀត​សរុប ចំនួន ១៣ នាក់ បាន​អនុវត្ត​លោតឆ័ត្រ​បញ្ជា សម្តែង​ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​ក​ម្ម៉​ង់​ដូ ជំនា​ន់ទី​១០ វគ្គ​ហ្វឹកហ្វឺន​ឆ័​ត្រ​យោង ជំនា​ន់ទី​២៩ និង​បើក​វគ្គ​ហ្វឹកហ្វឺន​ឆត្រ​យោង ជំនា​ន់ទី​៣០ នៅ​សាលា​ហ្វឹកហ្វឺន ទ័ព​ពិសេស​តេ​ជោ​សែន ឱ​រ៉ា​ល់ ដោយ​លោក វរសេនីយ៍ត្រី លឹម សាយ បាន​ខុស​លក្ខណៈ​បច្ចេកទេស ក្នុងការ​បញ្ជា​ឆត្រ បានធ្វើអោយ​មាន​គ្រោះថ្នាក់ រងរបួស​ធ្ងន់ បន្ទាប់មក ត្រូវបាន​អង្គភាព ដឹក​យកទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​បង្អែក ខេត្តកំពង់ស្ពឺ។ រហូតដល់​វេលា​ម៉ោង ១២:៣០​នាទី រសៀល​ថ្ងៃ​ដដែល ទើប​អង្គភាព​ទទួលបាន​ដំណឹង​ថា លោក​វរៈសេនីយ៍ត្រី លឹម សាយ បាន​ពលី​ជីវិត​ទៅហើយ​។​

បញ្ជាការដ្ឋាន​ទ័ព​ពិសេស បាន​បន្តថា ​៖ ពេលនេះ ក្រុមគ្រួសារ បានស្នើ​សុំ​យក​សព​លោក ទៅធ្វើ​បុណ្យ តាម​ប្រពៃណី នៅឯ​ស្រុកកំណើត នៅ​ខេត្តកំពង់ឆ្នាំង​៕​