បន្ទាយមានជ័យ ៖ ផ្ទះមន្ត្រីនគរបាលទុកចោល២ឆ្នាំគ្មានអ្នករស់នៅ ត្រូវបានមនុស្សសតិមិនគ្រប់ដុតបណ្តាលឆេះផ្នែកខាងលើ នៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ស្ថិតភូមិ.សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
មន្ត្រីពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានប្រាប់ថា ៖ ម្ចាស់ផ្ទះ ដែលត្រូវបានឆាបឆេះផ្អើលទាំងកណ្តាលអធ្រាត្រមានឈ្មោះ តែ វ៉ាន់ ភេទប្រុសអាយុ៤៥ឆ្នាំ(ជាមន្ត្រីនគរបាល) ដែលរស់នៅភូមិកើតហេតុខាងលើ។
តាមសំដីម្ចាស់ផ្ទះជាមន្ត្រីនគរបាលបានអោយដឹងថា ៖ ផ្ទះថ្មមាន២ជាន់មានសភាពចាស់ទ្រុឌទ្រោមហើយទុកចោលរយៈពេលជិត២ឆ្នាំមកហើយ គ្មានអ្នករស់នៅចាក់សោបិទទ្វារនិងបិទបារ៉ែតភ្លើងស្រាប់តែមានការឆាបឆេះ ត្រូវបានកម្លាំងនគរបាលបង្ការនិងពន្លត់អគ្គិភ័យខេត្តជួយអន្តរាគមន៍បាញ់ពន្លត់ តែបណ្តាលឆេះផ្នែកខាងលើ។
មន្ត្រីនគរបាលបានបញ្ជាក់ថា ៖ក្រោយពេលអគ្គិភ័យឆាបឆេះផ្ទះគ្មានម្ចាស់ផ្ទះរស់នៅហើយកម្លាំងនគរបាលស្រាវជ្រាវដឹងមានមនុស្សសតិមិនគ្រប់ដុតបណ្តាលឆាបឆេះផ្ទះផ្នែកខាងលើអស់ប្រមាណ១០ភាគរយដែលត្រូវបានកម្លាំងនគរបាលបង្ការនិងពន្លត់អគ្គិភ័យជួយអន្តរាគមន៍បាញ់ពន្លត់បានទាន់ពេលវេលាដែលមិនមានការខូចខាតទ្រព្យសម្បត្តិអ្វីឡើយ។
មន្ត្រីនគរបាល បានបញ្ជាក់ថា ៖ អគ្គិភ័យ ដែលឆាបឆេះផ្ទះថ្មពីរជាន់ ដែលមានសភាពទ្រុឌទ្រោមម្ចាស់ជាមន្ត្រីនគរបាលទុកចោលរយៈពេល២ឆ្នាំមកហើយដែលមានប្រវែង៥ម៉ែត្រ គុណ១៥ម៉ែត្រដំបូលប្រក់ស័ង្កសីនៅពេលឆាបឆេះមន្ត្រីនគរបាលបង្ការនិងពន្លត់អគ្គិភ័យប្រើរថយន្តពន្លត់អគ្គិភ័យប្រើប្រាស់ទឹកអស់២គ្រឿងទើបពន្លត់បានទាំងស្រុងមិនបណ្តាលអោយរាលដាលផ្ទះអ្នកជិតខាង៕