រាជធានីភ្នំពេញ៖ រថយន្តក្រឡុកស៊ីម៉ង់តិ៍មួយគ្រឿង បានបើកបោះពួយ នៅត្រង់ចំណុចផ្លូវកោង ក៏បានបុករះរ៉ឺម៉កម៉ូតូ និងរថយន្តស៊ីទែនសាំងរបស់ក្រុមហ៊ុនតេលា ពេញទំហឹង ហើយខ្ទាតធ្លាក់ផ្លូវ ទៅប៉ះលោកតា និងចៅប្រុសស្រី ៣នាក់ បានរងរបួស។ រីឯអ្នកបើកបររថយន្តក្រុមហ៊ុនតេលាម្នាក់គាបជាប់ក្នុងរថយន្ត រងរបួសស្រាលផងដែរ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២ និង៣០ នាទីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចមុខខ្លោងទ្វារវត្តអង្គសិរិសួស្តី លើផ្លូវលេខ១៥១ ក្នុងភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
រថយន្តក្រឡុកស៊ីម៉ង់ត៍នោះ ម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A-1173 បើកបរដោយបុរសម្នាក់ មិនត្រូវបានស្គាល់ឈ្មោះនោះទេ ព្រោះបានគេចខ្លួនបាត់ស្រមោល បន្ទាប់ពីកើតហេតុ។ រីឯរ៉ឺម៉កម៉ូតូមួយគ្រឿង គ្មានស្លាកលេខ បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណដែរ។
ចំណែករថយន្តស៊ីទែនសាំងរបស់ក្រុមហ៊ុនតេលា ម៉ាក ISUZU ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-2739 បើកបរដោយឈ្មោះ ផាត រ៉ា ភេទប្រុស អាយុ ៣០ឆ្នាំ ស្នាក់នៅភូមិបាត់ដឹង ឃុំបាត់ដឹង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ របួសស្រាល។
សាក្សីបានអោយដឹងថា នៅមុនពេលកើតហេតុ រថយន្តក្រឡុកស៊ីម៉ង់ត៍ខាងលើ ធ្វើដំណើរតាមបណ្តោយផ្លូវ១៥១ ក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតជ្រុលទៅបុករះរ៉ឺម៉កមួយ រួចបន្តទៅរថយន្តដឹកស៊ីទែនប្រេងរបស់ក្រុមហ៊ុនតេលា ដែលកំពុងបើកបរបញ្ច្រាស់ទិសគ្នា (ពីលិចទៅកើត) ពេញទំហឹង។
សាក្សី បានអោយដឹងទៀតថា គ្រោះថ្នាក់នោះ បណ្តាលអោយរថយន្តទាំងពីរ ជ្រុលធ្លាក់ផ្លូវ ទៅប៉ះលោកតាម្នាក់ ចៅប្រុសម្នាក់ និងចៅស្រីម្នាក់(ខ្ទេចជើងទាំងពីរ) ដែលកំពុងតែដើរនៅចិញ្ចើមផ្លូវ បណ្តាលអោយរងរបួសធ្ងន់ស្រាល។ ដោយឡែកអ្នកបើករ រថយន្តដឹកប្រេង បានគាបជាប់ រងរបួសស្រាល។
បន្ទាប់ពីកើតហេតុ ជនរងគ្រោះទាំង ៤នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ចំណែករថយន្តទាំង២គ្រឿង និងរ៉ឺម៉កម៉ូតូ ត្រូវបាននគរបាលចរាចរណ៍ ចុះវាស់វែង រួចបញ្ជូនទៅកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយ៕